
នៅថ្ងៃអង្គារ (២៥ កក្កដា)នេះ ចំហេះព្រៃបានបង្ខំឱ្យបិទអាកាសយានដ្ឋាន Palermo ក្នុងទីក្រុងស៊ីស៊ីលី ប្រទេសអ៊ីតាលី ខណៈដែលបញ្ហាអាកាសធាតុធ្ងន់ធ្ងរបានបន្តវាយលុកប្រទេសអ៊ីតាលី ដោយខ្យល់ព្យុះដ៏ខ្លាំងបណ្តាលឱ្យមានការខូចខាត និងយ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់នៅភាគខាងជើងនៃប្រទេសនេះ។
អាកាសយានដ្ឋាននៅក្នុងរដ្ឋធានីស៊ីស៊ីលីមួយនេះ នឹងនៅតែបន្តបិទរហូតដល់ម៉ោង ៩:០០ (ម៉ោងក្នុងស្រុក) ដោយប្រតិបត្តិកររបស់ខ្លួនបាននិយាយនៅលើបណ្ដាញសង្គម Twitter ខណៈដែលក្រុមអ្នកពន្លត់អគ្គិភ័យកំពុងធ្វើការពន្លត់ចំហេះដ៏ធំមួយនៅក្នុងតំបន់ក្បែរនោះ ដែលរំខានដល់ចរាចរណ៍ផ្លូវគោក និងផ្លូវដែកផងដែរ។
រលកកម្តៅបានវាយលុកអឺរ៉ុបភាគខាងត្បូង ជាមួយនឹងសីតុណ្ហភាពក្តៅខ្លាំង ដែលនាំមកនូវហានិភ័យនៃអគ្គិភ័យ និងការស្លាប់កើនឡើង។ នៅតំបន់ខ្លះនៃភាគខាងកើតទីក្រុងស៊ីស៊ីលី សីតុណ្ហភាពបានកើនឡើងដល់ ៤៧,៦អង្សាសេ (១១៧,៧ ហ្វារិនហៃ) កាលពីថ្ងៃចន្ទ ពោលគឺជិតនឹងកំណត់ត្រាខ្ពស់បំផុតនៅអឺរ៉ុបដែលមានកម្រិត ៤៨,៨អង្សាសេ ដែលបានកត់ត្រានៅលើកោះនោះកាលពី២ឆ្នាំមុន។
ទន្ទឹមនឹងនេះ ខ្យល់ព្យុះពេញមួយយប់ក្នុងទីក្រុងមីឡាន បានបណ្ដាលឲ្យដំបូលផ្ទះខូចខាត និងបាក់រលំដើមឈើ បិទផ្លូវ និងរំខានដល់ការដឹកជញ្ជូនតាមផ្លូវគោកក្នុងរដ្ឋធានីហិរញ្ញវត្ថុរបស់ប្រទេសអ៊ីតាលីនេះផងដែរ។ ស្ត្រីពីរនាក់ បានស្លាប់កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារនៅក្នុងខេត្តភាគខាងជើងទីក្រុង Monza និងទីក្រុង Brescia បន្ទាប់ពីត្រូវបានដើមឈើដួលរលំសង្កត់លើ៕