ឥណ្ឌា៖ ព្យុះស៊ីក្លូន Tauktae បានបោកបក់ពាសពេញ តំបន់ភាគខាងជើងប្រទេសឥណ្ឌាកាលពីយប់ថ្ងៃអង្គារ ទោះបីជាព្យុះនេះបានចុះថយកម្លាំងនៅលើដីគោកក៏ដោយ។ ព្យុះដ៏គ្រោះថ្នាក់នេះបានបង្កឲ្យមានការខូចខាតជាច្រើន ខណៈដែលខ្យល់បានបោកបក់ផ្ដួលរំលំដើមឈើ និងកាត់ផ្ដាច់ចរន្តអគ្គិសនី ហើយតំបន់មួយចំនួនត្រូវបានលិចទឹក ដោយសារមានភ្លៀងធ្លាក់ក៏គំហុក និងកម្លាំងព្យុះកើនឡើងខ្លាំង ចំណែកចំនួនអ្នកស្លាប់បន្តកើនឡើង។

គិតត្រឹមយប់ថ្ងៃអង្គារ ព្យុះនេះបានចុះថយកម្លាំង នូវអ្វីដែលក្រសួងឧតុនិយមរបស់ឥណ្ឌាបានចាត់ចំណាត់ថ្នាក់ថា គ្រោះមហន្តរាយធ្ងន់ធ្ងរ។ យោងតាមសារព័ត៌មាន CNN មនុស្សយ៉ាងហោចណាស់ ២៦នាក់ស្លាប់ដោយសារព្យុះនេះនៅទូទាំងរដ្ឋចំនួន៥ ក្នុងភាគខាងលិចប្រទេសឥណ្ឌា ចេញពីរដ្ឋ Kerala នៅតំបន់ភាគខាងត្បូងមួយចំនួននៃប្រទេស ចូលដល់រដ្ឋ Gujarat ក្នុងភាគខាងជើង។ ក្រុមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តយរាយក្នុងតំបន់បាននិយាយថា ចំនួនអ្នកស្លាប់ទាំងនោះមកពីការលង់ទឹកសមុទ្រ ការដួលរលំលំនៅឋាន រន្ទះបាញ់ និងឧបទ្ទវហេតុផ្សេងៗជាប់ពាក់ព័ន្ធនឹងអាកាសធាតុធ្ងន់ធ្ងរ៕
អត្ថបទ៖ សុខមាន