
ក្រុមគ្រួសារជនរងគ្រោះរាប់សិបនាក់ នៅថ្ងៃអង្គារ (ទី២៥ ខែកក្កដា) នេះ បានប្រតិកម្មដោយកំហឹង រួមជាមួយនឹងការស្រងាកចិត្ត បន្ទាប់ពីតុលាការធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូង បានកាត់សេចក្តីប្រឆាំងនឹងការបោះឆ្នោតសភា ដែលចោទប្រកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះឧបទ្ទវហេតុប្រជ្រៀតជាន់គ្នាស្លាប់ នៅថ្ងៃបុណ្យ Halloween ក្នុងសង្កាត់ Itaewon កាលពីឆ្នាំមុន ដែលបានបណ្ដាលឲ្យមនុស្សជាង ១៥០នាក់ បាត់បង់ជីវិត។
យោងតាមសាក្សីរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា សមាជិកគ្រួសារខ្លះ បានឈានទៅដល់មានការប្រតាយប្រតប់ជាមួយសកម្មជនរបស់គណបក្សអភិរក្សនិយម ខណៈដែលអ្នកម្តាយ២រូប បានដួល ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅ។
នៅក្នុងការសម្រេចក្ដីនេះ មានតែមេធាវីរបស់រដ្ឋមន្ត្រី លោក Lee Sang-min ប៉ុណ្ណោះដែលមានវត្តមាន។ លោក Lee ក្រោយមក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងរបស់លោកថា វាដល់ពេលវេលាដែលត្រូវបង្រួបបង្រួម និងបញ្ឈប់ «ជម្លោះនយោបាយដ៏ខ្ជះខ្ជាយ» ជុំវិញឧបទ្ទវហេតុនេះ។
គួរបញ្ជាក់ដែរថា សមាជិកសភា កាលពីខែកុម្ភៈ បានបោះឆ្នោតចោទប្រកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយជំរុញឲ្យលោកទទួលខុសត្រូវ ចំពោះការខ្វះសមត្ថភាពឆ្លើយតប ពាក់ព័ន្ធនឹងការកើនឡើងចំនួនមនុស្សយ៉ាងណែនណាន់តាន់តាប់ រហូតកើតមាននូវសោកនាដកម្ម ដែលសម្លាប់មនុស្សជាច្រើននាក់ ដោយភាគច្រើនស្ថិតក្នុងវ័យ ២០ឆ្នាំ នៅសង្កាត់កម្សាន្តពេលរាត្រីដ៏ពេញនិយម ក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២៕