
អ្នកដំណើរសាឡាងជាង ៤០០នាក់ កំពុងជាប់គាំងនៅកំពង់ផែ Manila North Port នៅថ្ងៃអង្គារ (២៥ កក្កដា)នេះ ខណៈព្យុះទីហ្វុង Doksuri បានរំកិលមកជិតភាគខាងជើងប្រទេសហ្វីលីពីន ដែលជំរុញឱ្យក្រុមអាជ្ញាធរលុបចោលការធ្វើដំណើរតាមសមុទ្រនៅក្នុងតំបន់នេះ។
ព្យុះ Doksuri មានទំហំជិត១.០០០គីឡូម៉ែត្រ (៦២០ម៉ាយ) គិតជាអង្កត់ផ្ចិត ត្រូវបានគេរំពឹងថានឹងវាយលុកប្រជុំកោះដែលមានប្រជាជនតិច នៅភាគខាងជើងនៃកោះ Luzon នៅពាក់កណ្តាលសប្តាហ៍។
កម្រិតព្រមានពីព្យុះនៅក្នុងតំបន់រដ្ឋធានី និងខេត្តភាគខាងជើងរាប់សិបកន្លែងត្រូវបានបង្កើនរួចហើយ ហើយបញ្ជាជម្លៀសដាក់ចេញចេញក្នុងសហគមន៍ឆ្នេរដែលស្ថិតនៅក្នុងផ្លូវនៃព្យុះនេះផងដែរ។
មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិនបាននិយាយនៅថ្ងៃអង្គារថា បច្ចុប្បន្ននេះមានល្បឿនខ្យល់ខ្ពស់បំផុត ១៣៨ម៉ាយក្នុងមួយម៉ោង (២២៣គីឡូម៉ែត្រក្នុងមួយម៉ោង) ព្យុះ Doksuri នេះត្រូវបានគេរំពឹងថានឹងបោកបក់មកលើដីគោករបស់ប្រទេសចិន នៅកន្លែងណាមួយរវាងខេត្តហ្វ៊ូជាន (Fujian) និងខេត្តហ្គ័ងតុង (Guangdong) នៅថ្ងៃសុក្រ (២៨ កក្កដា)ខាងមុខនេះ៕