ចិន៖ ប្រទេសចិន បានដកលោក ឈីន កាង (Qin Gang) ពីតំណែងជារដ្ឋមន្ត្រីការបរទេសមិនដល់៧ខែ បន្ទាប់ពីលោកត្រូវបានតែងតាំងឲ្យកាន់មុខតំណែងនេះ។
លោក ឈីន ត្រូវគេមើលឃើញថាជាមនុស្សជំនិតរបស់លោកប្រធានាធិបតី Xi Jinping ។លោក ត្រូវបានជំនួសដោយប្រមុខការទូតជើងចាស់របស់គណបក្សកុម្មុយនីស្តចិន លោក វ៉ាង យី( Wang Yi)។
ការបាត់មុខមួយរយៈរបស់លោក ឈីន ពីភ្នែកសាធារណជន និងភាពស្ងៀមស្ងាត់ជាផ្លូវការជុំវិញវត្តមានរបស់លោក បានបង្កឲ្យមានការមន្ទិលសង្ស័យយ៉ាងខ្លាំង។

មន្ត្រីជាន់ខ្ពស់ដែលគេដាក់រហ័សនាមថាជាអ្នកប្រយុទ្ធចចកវ័យ៥៧ឆ្នាំរូបនេះត្រូវបានគេឃើញចុងក្រោយកាលពីថ្ងៃទី២៥ខែមិថុនា។ហើយក៏ពុំទទួលបានការបញ្ជាក់ពីមូលហេតុនៃការដកតំណែងរបស់លោកដែរ។
លោកត្រូវបានតែងតាំងដោយមេដឹកនាំចិនឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសកាលពីខែធ្នូចុងឆ្នាំ២០២២ ។ កាលពីជាងមួយខែមុន លោកបានជួបប្រមុខការទូតអាមេរិក លោក Antony Blinken នៅក្នុងទីក្រុងប៉េកាំង ខណៈភាគីទាំង២ព្យាយាមស្ដារទំនាក់ទំនងផ្នែកការទូតឡើងវិញនៅក្នុងកិច្ចប្រជុំថ្នាក់ខ្ពស់បំផុតនោះ។
ការបាត់មុខរបស់លោកបានបញ្ចប់នូវការភ័ន្តច្រឡំជាច្រើនសប្ដាហ៍ ប៉ុន្តែបានបន្សល់ទុកនូវសំណួរជាច្រើនដែលពុំទាន់ត្រូវបានបំភ្លឺ។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ ( Xinhua)បាននិយាយថា សភាជាន់ខ្ពស់របស់ប្រទេសចិន បានបោះឆ្នោតតែងតាំងលោក Wang Yi ជារដ្ឋមន្ត្រីការបរទេសជំនួសលោក ឈីន កាង ៕
