កីឡាករបាល់បោះអាមេរិករបស់ Boston Celtics, Jaylen Brown បានព្រមព្រៀងបន្តកិច្ចសន្យាថ្មី ៥ឆ្នាំបន្ថែម ដែលមានតម្លៃថ្លៃបំផុតមិនធ្លាប់មាននៅក្នុងក្របខណ្ឌបាល់បោះអាមេរិក NBA តម្លៃ ៣០៤ លានដុល្លារអាមេរិក នេះបើតាមការបញ្ជាក់របស់ភ្នាក់ងារផ្ទាល់ខ្លួនរបស់កីឡាករនៅថ្ងៃអង្គារម្សិលមិញ។
កិច្ចសន្យាដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្រ្ត NBA កន្លងមកគឺ Nikola Jokic របស់ក្លិបបាល់បោះ Denver Nuggets តម្លៃ ២៦៤ លានដុល្លារអាមេរិក។

Jaylen Brown បច្ចុប្បន្នវ័យ ២៦ ឆ្នាំជាធ្លាប់កីឡាកររបស់ក្រុម NBA All-Star ពីរលើក ដែលមានស្ថិតិបោះបញ្ចូលកន្ត្រកជាមធ្យម ២៦.៦ ពិន្ទុ ៦.៩ បាល់រីបោន និង ៣.៥ បាល់បញ្ជូនក្នុងមួយប្រកួតកាលពីរដូវកាលមុន។
តែស្ថិតិនេះក៏បានថយចុះវិញនៅក្នុងវគ្គ Play-Off នៅពេល Boston Celtics ចាញ់ Miami Heat នៅវគ្គផ្តាច់ព្រ័ត្រ ភាគខាងកើត ដោយនៅប្រកួតទី ៧ Jaylen Brown បោះបាន ១៩ ពិន្ទុ ក្នុងការបោះសរុប ២៣ លើកសំរេច ៨ លើក និងមានតែមួយលើកប៉ុណ្ណោះជាការបោះ ៣ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ
