ក្រិក៖ គេបានដឹងថាមានមនុស្ស៣នាក់បានស្លាប់ជាលើកដំបូង កាលពីថ្ងៃអង្គារដោយសារភ្លើងឆេះព្រៃដែលនៅតែកំពុងឆាបឆេះយ៉ាងខ្លាំងនៅលើកោះនានារបស់ប្រទេសក្រិករយៈពេលមួយសប្ដាហ៍មកនេះ ហើយលោក នាយករដ្ឋមន្ត្រី គីរីយ៉ាកូស មីតសូតាគីស(Kyriakos Mitsotakis) បានព្រមានពីពេលវេលាដ៏លំបាករយៈពេលជាច្រើនថ្ងៃខាងមុខ ខណៈភ្លើងបានបំផ្លិចបំផ្លាញលំនៅឋានជាច្រើនខ្នង និងបង្ខំឲ្យ ជម្លៀសភ្ញៀវទេសចរ។
កងកម្លាំងអាកាសបាននិយាយថា អ្នកបើកយន្តហោះ២នាក់ បានស្លាប់ នៅពេលយន្តហោះពន្លត់ភ្លើងឆេះព្រៃកាណាឌែរ ស៊ីអិល ២១៥ (Canadair CL-215) បានធ្លាក់នៅលើកោះអ៊ីវីយ៉ា(Evia) ភាគខាងកើតរដ្ឋធានីអាតែន ។ ពួកគេទាំង២មានវ័យ ៣៤ ឆ្នាំ និង ២៧ឆ្នាំ។

ដោយឡែក ទូរទស្សន៍រដ្ឋ ERT បានរាយការណ៍ ថា សាកសពអ្នកឃ្វាលសត្វម្នាក់ ដែលបានបាត់ខ្លួនចាប់តាំងពីថ្ងៃអាទិត្យមក ត្រូវបានរកឃើញឆេះខ្លោចនៅក្នុងផ្ទះខ្ទមមួយក្នុងតំបន់ភ្នំអ៊ីវីយ៉ា ដែលពិបាកទៅដល់។
ក្រុមអ្នកពន្លត់អគ្គិភ័យ រាប់រយនាក់ ដែលត្រូវបានផ្ដល់ជំនួយពីប្រទេសទួរគី និងស្លូវ៉ាគី កំពុងព្យាយាមពន្លត់អណ្ដាតភ្លើង ដែលឆាបឆេះនៅលើកោះ រ៉ូដ( Rhodes) កោះ ខហ្វ៊ូ (Corfu) និងកោះអ៊ីវីយ៉ា(Evia) ចាប់តាំងពីថ្ងៃពុធ និងបានធ្វើឲ្យអាកាសធាតុក្ដៅឡើងវិញ ស្ថានភាពខ្យល់ខ្លាំង ខណៈយន្តហោះសង្រ្គោះបន្ទាន់ជាច្រើនគ្រឿង កំពុងដឹកជញ្ជូនអ្នកទេសចរចេញ។
លោកនាយករដ្ឋមន្ត្រី មីតសូតាគីស បានប្រាប់ក្រុមរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារថា ប៉ុន្មានថ្ងៃខាងមុខនឹងជួបស្ថានភាពកាន់តែ អាក្រក់ ដែលស្ថានភាពនឹងរឹតតែធ្ងន់ធ្ងរបន្ទាប់ពីថ្ងៃព្រហស្បតិ៍ស្អែកនេះទៅ។
សីតុណ្ហភាពខ្ពស់នៅក្នុងប្រទេសក្រិក អាចនឹងឡើងខ្ពស់នៅថ្ងៃពុធនេះ រហូតដល់ជាង៤៤អង្សាសេ នៅក្នុងតំបន់មួយចំនួន៕
