ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា បានធ្វើការចាប់ឆ្នោតប្រកួតព្រឹត្តិការណ៍កីឡាវាយកូនបាល់អន្ដរជាតិប្រចាំតំបន់អាស៊ី/អូសេអានី Davis Cup Group III ឆ្នាំ២០២៣ នៅប្រទេសស្រីលង្ការរួចហើយ ដោយលទ្ធផលកម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមប៉ាស៊ីហ្វិចអូសេអានី, ហ្សកដានី និងម៉ាឡេស៊ី ខណៈពូលA មានម្ចាស់ផ្ទះស្រីលង្កា, អារ៉ាប់ប៊ីសាអ៊ូឌីត, អ៊ីរ៉ង់ និងវៀតណាម ។
លោក ជា ពៅ ប្រធានប្រតិភូដឹកនាំ និងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានឲ្យដឹងថា បេក្ខភាពប្រកួតប្រជែងក្នុងពូល B នេះ សុទ្ធតែជាក្រុមខ្លាំង ដែលជម្រុះមកពី Group II កាលពីឆ្នាំមុន ។ ហើយក្នុងនាមប្រតិភូកីឡាកម្ពុជា ពិតជារីករាយ ដែលបានលេងទល់ជាមួយក្រុមខ្លាំងៗទាំងអស់នោះ ដ្បិតកម្ពុជា បានត្រៀមខ្លួនរួចរាល់ ដើម្បីតតាំងជាមួយពួកគេ បន្ទាប់ពីក្រុមកម្ពុជា បានហ្វឹកហាត់ត្រៀមតាំងពីមុនស៊ីហ្គេម ។

ក្នុងចំណោមបេក្ខភាពប្រកួតប្រជែងទាំង ៣ក្រុមជាមួយកម្ពុជា ក្នុងពូលB នេះដែរ លោកមានសុទិដ្ឋិនិយមថា ក្រុមកីឡាករវាយកូនបាល់កម្ពុជា នឹងអាចស្វែងរកជ័យជម្នះក្នុងការប្រកួតមួយចំនួន ។ ជារួមកីឡាករគ្រប់រូបនេះ បានត្រៀម និងការប្ដេជ្ញាចិត្តខ្ពស់ នឹងធ្វើឲ្យបានល្អប្រសើរ ដើម្បីឈានទៅប្រជែងកៅអី Group II សម្រាប់ព្រឹត្តិការណ៍ Davis Cup ឆ្នាំ២០២៤ ខាងមុខ ។
សូមបញ្ជាក់ថា ការប្រកួត Davis Cup Group III ក្រុមនីមួយៗ ត្រូវប្រកួតវិលជុំសន្សំពិន្ទុ ហើយក្រុមលេខ១ និងលេខ២ ក្នុងពូលA និងពូលB ត្រូវប្រកួតខ្វែងគ្នា ហើយក្រុមទទួលបានជ័យជម្នះក្នុងវគ្គខ្វែង នឹងទទួលបានកៅអី Group II ឆ្នាំ២០២៤ ។ ចំណែកក្រុមចាញ់ ក៏ត្រូវជួបគ្នា ដើម្បីស្វែងរកក្រុមឈ្នះ ១ក្រុមទៀត ឡើងទៅ Group II នាឆ្នាំក្រោយផងដែរ៕ អត្ថបទ៖ លី ឈុនឡា



