ភ្នំពេញ៖ ខណៈដែលកិច្ចប្រជុំពិភាក្សាប្រាក់អប្បបរមាក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២៤ នឹងឈានដល់នាពេលខាងមុខនេះ កម្មករ កម្មការិនី រោងចក្រសហគ្រាស សង្ឃឹមទុកថា នឹងអាចដំឡើងដូចរៀងរាល់ឆ្នាំបន្តទៀត បន្ទាប់គណបក្សប្រជាជនកម្ពុជានឹងបន្តដឹកនាំប្រទេសជាតិ ក្រោយទទួលសម្លេងគាំទ្រច្រើនលើសលុប ក្នុងការបោះឆ្នោតជាតិកន្លងទៅ។
កម្មករកាត់ដេរ នៅសួនឧស្សាហកម្ម ឈុន ហុង ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ បានលើកឡើងស្រដៀងៗគ្នាថា ក្រោយចូលបំពេញការងារក្នុងវិស័យកាត់ដេរជាច្រើនឆ្នាំមកនេះ ប្រាក់ឈ្នួលដែលទទួលបាន តែងតែត្រូវបានដំឡើងជារៀងរាល់ឆ្នាំ។ ពួកគាត់នៅតែរំពឹងទៀតថា នឹងទទួលបានការដំឡើងប្រាក់ឈ្នួលអប្បបរមាខ្ពស់បន្តទៀតសម្រាប់ឆ្នាំ២០២៤ខាងមុខនេះ ដោយសារជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។
បើតាមក្រសួងការងារ និងបណ្តុះណ្តាលវិជ្ជាជីវៈ បានឲ្យ ប៊ីធីវី ដឹងថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបើកកិច្ចប្រជុំពិភាក្សាអំពីប្រាក់ឈ្នួលអ្បបរមាជូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរ និងកាបូប នៅខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីជជែកគ្នាក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមាជូនដល់កម្មករនិយោជិត អនុវត្តនៅឆ្នាំ២០២៤។
គិតរហូតមកដល់ឆ្នាំ២០២៣នេះ កម្មករនិយោជិតដែលបំពេញការក្នុងវិស័យឧស្សាហកម្មកាត់ដេរមានចំនួន ២០០ដុល្លារអាម៉េរិក ដោយគិតជាមធ្យម បូកទាំងប្រាក់ឈ្នួលអប្បបរមា ប្រាក់ថែមម៉ោងការងារ និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត កម្មករនិយោជិតម្នាក់ អាចទទួលប្រាក់ខែចន្លោះ ២៥០ទៅ៣០០ដុល្លារ ឬឈានដល់៣៥០ដុល្លារ នៅក្នុងមួយខែៗ៕អត្ថបទ៖ឈិត បូរ៉ាវី