ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលមានវ័យចាប់ពី១៨ឆ្នាំឡើងទៅរស់នៅក្នុងខណ្ឌបឹងកេងនៅថ្ងៃទី១៩ ខែឧសភានេះ បន្តនាំគ្នាទៅចាក់វ៉ាក់សាំង Sinovac ដូសទី១ដើម្បីបង្ការកុំឱ្យឆ្លងជំងឺកូវីដ-១៩។
ចាប់ពីថ្ងៃទី១៨រហូតដល់ថ្ងៃទី៣១ ខែឧសភានេះក្រសួងសុខាភិបាលសហការជាមួយរដ្ឋបាល រាជធានីភ្នំពេញ បានរៀបចំយុទ្ធនាការចាកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ជូនដល់ពលរដ្ឋមានវ័យចាប់ពី១៨ឆ្នាំឡើងទៅ ស្ថិតនៅក្នុងខណ្ឌបឹងកេងកងនិងខណ្ឌសែនសុខ។
ពលរដ្ឋដែលបាននាំគ្នាទៅចាក់វ៉ាក់សាំងនៅទីតាំងសាលាបឋមសិក្សាវត្តមហាមន្ត្រី ក្នុងសង្កាត់ អូឡាំពិក ខណ្ឌបឹងកេងកង បានប្រាប់BTVថា ពួកគេមានឆន្ទៈក្នុងការទទួលការចាក់វ៉ាក់សាំងដើម្បីអាចការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ខ្លួនឯង និងទប់ស្កាត់ការឆ្លងចូលក្នុងផ្ទះព្រមទាំងកាត់បន្ថយផលប៉ះពាល់សង្គមផងដែរ។
លោក ពា ហន ចៅសង្កាត់អូឡាំពិក បានឱ្យដឹងថា ពលរដ្ឋដែលមានវ័យចាប់ពី១៨ឆ្នាំឡើងនៅក្នុងសង្កាត់អូឡាំពិក ប្រមាណបីពាន់នាក់ត្រូវបានជូនដំណឹងរួចរាល់អំពីការចាក់វ៉ាក់សាំងនិងបានកំណត់ កាលបរិច្ឆេទច្បាស់លាស់ ដែលក្នុង១ថ្ងៃកំណត់ចាក់ជូនចំនួន៤០០នាក់។
ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាមធ្យោបាយមួយ ក្នុងចំណោមវិធានការសុខាភិបាលចាំបាច់ដទៃ ទៀត ដែលនឹងបង្ការការរាតត្បាត ការចម្លងជំងឺកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅ លើវិស័យសេដ្ឋកិច្ច និងសង្គម។
មកដល់បច្ចុប្បន្ន កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនជាង៥លានដូសរួចហើយ ដែលបាននឹងកំពុងប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង រួមមាន ១លាន៧០ម៉ឺនដូស ប្រភេទស៊ីណូហ្វាម ជាជំនួយរបស់មិត្តចិន ៣២ម៉ឺន៤ពាន់ដូស ប្រភេទកូវីស៊ៀល ជាជំនួយតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ក្រោមកិច្ច សម្របសម្រួលពីអង្គការសុខភាពពិភពលោក និងវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ចំនួនបីលានដូស ដែលជាការបញ្ជាទិញរបស់រដ្ឋាភិបាលកម្ពុជាពីប្រទេសចិន។ តាមការគ្រោងទុកវ៉ាក់សាំងSinovac ប្រមាណ១លានដូសទៀត នឹងមកដល់កម្ពុជា នៅថ្ងៃទី២៣ខែឧសភានេះ ដែលជាការបញ្ជាទិញ របស់រាជរដ្ឋាភិបាល កម្ពុជាពីមិត្តចិនផងដែរ៕
អត្ថបទ៖ ទូច សោភ័ណ