ព័រទុយហ្គាល់៖ ដោយមានជំនួយពីអ្នកស្រុក អ្នកពន្លត់អគ្គិភ័យជនជាតិព័រទុយហ្គាល់រាប់រយនាក់ បាននប្រញាប់ប្រញាល់ ដើម្បីពន្លត់ភ្លើង ដែលកំពុងឆេះពាសពេញឧទ្យានធម្មជាតិក្បែរកន្លែងសម្រាកលំហែដ៏ពេញនិយមរបស់ទីក្រុង Cascais ខណៈដែលខ្យល់បក់ខ្លាំងធ្វើឲ្យស្មុគស្មាញដល់កិច្ចខិតខំ ដើម្បីគ្រប់គ្រងអណ្ដាតភ្លើងដ៏សន្ធោរសន្ធៅនេះ។
ចំហេះព្រៃនេះ បានចាប់ផ្តើមនៅម៉ោង ៥ល្ងាច (ត្រូវនឹងម៉ោង ១៦:០០ ម៉ោងសកល) នៅឯតំបន់ភ្នំដែលជាផ្នែកមួយនៃឧទ្យានធម្មជាតិ Sintra-Cascais ដែលគ្របដណ្តប់លើផ្ទៃដីប្រហែល ១៤៥គីឡូម៉ែត្រក្រឡា និងស្ថិតនៅភាគខាងលិចនៃរដ្ឋធានីលីសបុន (Lisbon)។ ដោយមានការគាំទ្រពីរថយន្ត ១៨៩គ្រឿង អ្នកពន្លត់អគ្គិភ័យជាង ៦០០នាក់ ត្រូវបានដឹកយកមក បន្ទាប់ពីភ្លើងបានឆាបឆេះឡើង។ យន្តហោះបាញ់ទឹកពីលើអាកាស ក៏បានចូលរួមប្រយុទ្ធនឹងអណ្ដាតភ្លើងនេះដែរ ប៉ុន្តែត្រូវបញ្ឈប់ប្រតិបត្តិការ ដោយសារចាប់ផ្ដើមចូលដល់ពេលយប់ហើយ។
នៅភូមិមួយ ក្នុងចំណោមភូមិដែលរងផលប៉ះពាល់ពីអគ្គិភ័យនេះ អ្នកស្រុកដែលអស់សង្ឃឹម បានប្រឹងប្រែងទប់ទល់នឹងការឆេះនេះដោយខ្លួនពួកគេផ្ទាល់ ដោយពួកគេបានព្យាយាមការពារលំនៅឋានរបស់ខ្លួនជាមួយនឹងធុងទឹក និងបំពង់ទុយោបាញ់ទឹក ខណៈដែលខ្យល់ខ្លាំង បានធ្វើឲ្យអណ្តាតភ្លើងឆាបឆេះកាន់តែខ្លាំងឡើងៗ។
អភិបាលក្រុង Cascais លោក Carlos Carreiras បាននិយាយថា ខ្យល់បក់មានល្បឿនរហូតដល់ ៦០គីឡូម៉ែត្រក្នុងមួយម៉ោង គឺជាបញ្ហាប្រឈមដ៏ធំបំផុតនៅខាងមុខ ហើយមនុស្សមួយចំនួន ត្រូវបានជម្លៀសចេញជាការប្រុងប្រយ័ត្នទុកមុន។ ប្រជាជនពលរដ្ឋមូលដ្ឋាន បានប្រើរទេះរុញ ដើម្បីជួយជម្លៀសអ្នកដែលពិបាកធ្វើចលនា។
យ៉ាងណាក្ដី បើតាមសមត្ថកិច្ច បានឲ្យដឹងថា មិនទាន់មានគេហដ្ឋានណារងការខូចខាត និងមិនមានអ្នករងរបួសធ្ងន់ធ្ងរនៅឡើយទេ។ ទិន្នន័យរបស់សហភាពអឺរ៉ុបបង្ហាញថា ប្រទេសព័រទុយហ្គាល់ ជាធម្មតា ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងបំផុតដោយចំហេះព្រៃដែរ បើទោះរហូតមកដល់ពេលនេះ បានរួចផុតពីរលកកម្ដៅនាពេលថ្មីៗ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងការបំផ្លិចបំផ្លាញ នៅទូទាំងទ្វីបអឺរ៉ុបភាគខាងត្បូងក៏ដោយ៕


