ក្លិបបាល់ទាត់ Fulham បានសំរេចក្នុងការនាំយកខ្សែប្រយុទ្ធម៉ិកស៊ិក Raul Jimenez ពីក្លិបរួមលីគ Wolverhampton ក្នុងតម្លៃផ្ទេរ ៥ លានផោន។
កីឡាករវ័យ ៣២ ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ២ ឆ្នាំជាមួយ Fulham ជាមួយនឹងជម្រើសបន្តបន្ថែម ១ ឆ្នាំទៀត។
Raul Jimenez ស៊ុតបញ្ចូលទីបាន ៥៧ គ្រាប់ក្នុងការបង្ហាញខ្លួនសរុប ១៦៦ ប្រកួតរយៈពេល ៥ រដូវកាលជាមួយ Wolverhampton បន្ទាប់ពីផ្លាស់មកពី Benfica ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប ៣០លានផោន។
Raul Jimenez មានស្ថិតិស៊ុតបញ្ចូលទីល្អជាមួយ Wolves ដែលរួមមាន ៣៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៨៦ ប្រកួតដំបូងនៅ Premier League មុនពេលកីឡាករម៉ិកស៊ិករូបនេះមានរបួសក្បាលពេលប៉ះទង្គិចជាមួយខ្សែការពារ Arsenal, David Luiz កាលពីឆ្នាំ ២០២០ ដែលធ្វើឱ្យគេអវត្តមាន ៩ ខែពីទីលាន។
ការមកដល់របស់ Raul Jimenez ស្របពេលខ្សែប្រយុទ្ធស៊ែប Aleksandar Mitrovic មិនទាន់ច្បាស់ពីអនាគតរបស់ខ្លួនថាត្រូវនៅរឺចាកចេញ បន្ទាប់ពីទទួលបានសំណើពីក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal ២៥ លានផោនតែត្រូវ Fulham បដិសេធ៕ អត្ថបទ៖នាង សុភាវុធ
