ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជំរុញ និងលើកទឹកចិត្តដល់សមជិកដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ផ្តល់ឥណទានដល់សហគ្រាសធុនតូចឲ្យបានកាន់តែច្រើន ក្នុងគោលដៅលើកកម្ពស់សកម្មភាពអាជីវកម្ម ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោក ផល វ៉ាន់ឌី អគ្គលេខាធិការសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នេះថា សហគ្រាសធុនតូច និងមធ្យម គឺជាឆ្នឹងខ្នងដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ, ដូច្នេះចំពោះគំនិតផ្តួចផ្តើម គម្រោងផ្តល់ឥណទានដល់សហគ្រាសធុនតូច របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានេះ ដោយបច្ចុប្បន្នសមាគមមើលឃើញថា ប្រជាពលរដ្ឋកម្ពុជា ជាច្រើន មានស្មារតីជាសហគ្រិនភាពជច្រើន នៅក្នុងកិច្ចការប្រកបអាជីវកម្ម ដើម្បីបង្កើតប្រាក់ចំណូលនៅក្នុងគ្រួសាររបស់ពួកគាត់។
ជុំវិញគម្រោងនេះ លោក ផល វ៉ាន់ឌី បានលើកឡើងឲ្យដឹងថា កន្លងមកនេះការផ្តល់ឥណទានដល់សហគ្រាសធុនតូច របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងរង្វង់ប្រមាណ ៣០ ភាគរយ នៃការផ្តល់ឥណទានសរុបប៉ុណ្ណោះ ។ ដើម្បីឲ្យសហគ្រាសធុនតូចក្នុងស្រុក ទទួលបានឥណទានកាន់តែកាន់ច្រើន សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមលើកទឹកចិត្តដល់គ្រឹះស្ថានដែលជាសមាជិកទាំងអស់ ជួយ បង្កើតនូវផលិតផល និងសេវាកម្មថ្មីៗ ដើម្បីលើកកម្ពស់ការផ្តល់ឥណទានដល់សហគ្រាសខ្នាតតូច ក្នុងគោលដៅជំរុញពង្រីកអាជីវកម្មនៅតាមសហគមន៍ ឬនៅតាមមូលដ្ឋាន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងបន្តធ្វើកិច្ចការជាច្រើនបន្ថែមទៀត ដើម្បីឲ្យអតិថិជនអាចទទួលបានហិរញ្ញវត្ថុផ្លូវការ ប៉ុន្តែអតិថិជនខ្លួនឯង ក៏ត្រូវលើកកម្ពស់នូវចំណេះដឹងហិរញ្ញវត្ថុ និងមានផែនការអាជីវកម្មច្បាស់លាស់ និងការកសាងកេរឈ្មោះល្អដល់អ្នកផ្តល់សេវាហិរញ្ញវត្ថុ ដើម្បីទទួលបានឥណទានយកទៅអភិវឌ្ឍន៍ក្នុងអាជីវកម្មនេះ៕អត្ថបទ៖ សុន រ៉ាឌី