អេក្វាឌ័រ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ប្រទេសអេក្វាឌ័រ បានដំឡើងតួលេខចំនួនអ្នកស្លាប់ ដោយសារអំពើហិង្សាក្នុងពេលតែមួយ កាលពីចុងសប្តាហ៍ នៅឯពន្ធនាគារដ៏គ្រោះថ្នាក់បំផុតមួយរបស់ប្រទេសនេះ កើនដល់ ៣១នាក់ហើយ កាលពីល្ងាចថ្ងៃអង្គារ (ទី២៥ ខែកក្កដា) បន្ទាប់ពីរដ្ឋាភិបាល នៅមុននេះ បានប្រកាសដាក់ប្រទេស ក្នុងច្បាប់គ្រាអាសន្នរយៈពេល ៦០ថ្ងៃ សម្រាប់ពន្ធនាគាររបស់ប្រទេស។
រដ្ឋាភិបាល បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្តីប្រកាសគ្រាអាសន្ន ហាក់ដូចជាបានបញ្ឈប់អំពើហិង្សា នៅក្នុងទីក្រុង Esmeraldas ដែលនៅទីនោះ ឆ្មាំពន្ធនាគារចំនួន ១៥នាក់ និងបុគ្គលិក ២នាក់ផ្សេងទៀត ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង នៅឯពន្ធនាគារមួយកន្លែង។
នៅទីក្រុង Guayaquil ឯណោះវិញ ទាហាន និងនគរបាលយ៉ាងហោចណាស់ ២.៧០០នាក់ ដែលបំពាក់ដោយអាវុធគ្រប់ដៃ បានចូលទៅក្នុងពន្ធនាគារ Penitenciaaria del Litoral បន្ទាប់ពីមានការប្រកាសច្បាប់គ្រាអាសន្នរយៈពេល ៦០ថ្ងៃនេះ ដោយអាចគ្រប់គ្រងអាគារចំនួន៣ ជាមួយនឹងការបំផ្ទុះ ដែលគ្រប់គ្រងបាន។ ការប៉ះទង្គិចគ្នារវាងក្រុមក្មេងទំនើង បានចាប់ផ្តើមកើតមាន កាលពីថ្ងៃសៅរ៍ (ថ្ងៃទី២២ ខែកក្កដា) នៅពន្ធនាគារ ដែលជាការប៉ះទង្គិចដ៏គ្រោះថ្នាក់បំផុតមួយ នៅក្នុងប្រទេសអេក្វាឌ័រ។
ការិយាល័យរដ្ឋអាជ្ញា បានដំឡើងចំនួនអ្នកស្លាប់ដល់ ៣១នាក់ ពីចំនួន ១៨នាក់ ក្នុងការបង្ហោះលើបណ្ដាញសង្គម X ដែលពីមុនគេស្គាល់ថា ជាបណ្ដាញសង្គម Twitter។ ជាមួយគ្នានេះ ចំនួនអ្នករងរបួស ក៏ត្រូវបានដំឡើងដល់ ១៤នាក់ផងដែរ ខណៈរដ្ឋាភិបាល បានឲ្យដឹងថា មន្ត្រីពន្ធនាគារប្រហែល ១២០នាក់ ត្រូវបានដោះលែង បន្ទាប់ពីត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ក្នុងពន្ធនាគារចំនួន៦ នៅទូទាំងប្រទេស៕


