នីហ្ស៊េរីយ៉ា៖ សារព័ត៌មាន Reuters បានរាយការណ៍ដោយសំអាងប្រភពពីប្រធានក្រុមអ្នកស្ម័គ្រចិត្តបង្ក្រាបអំពើឧក្រឹដ្ឋកម្ម និងប្រជាពលរដ្ឋថា មនុស្សយ៉ាងហោចណាស់៣៤នាក់ រួមទាំងទាហាន៧នាក់ បានស្លាប់ ក្នុងការវាយប្រហារមួយដោយក្រុមអន្ធពាលប្រដាប់អាវុធ នៅក្នុងរដ្ឋ ហ្សាំហ្វារ៉ា ភាគពាយ័ព្យរបស់ប្រទេសនីហ្ស៊េរីយ៉ា ។
លោក អ៊ីស្មាអ៊ីល ម៉ាហ្គាជី (Ismail Magaji) ប្រធានក្រុមខាងលើ បានប្រាប់សារព័ត៌មាន Reutersថា ការវាយប្រហារនៅក្នុងស្រុក ដាច់ស្រយាល ដាន ហ្គាល់ប៊ី (Dan Gulbi) នៃទីប្រជុំជន ម៉ារ៉ូ (Maru)របស់រដ្ឋនេះ បានកើតឡើង កាលពីរសៀលថ្ងៃចន្ទ ។
លោក ឡាវ៉ាលី ហ្ស៊ូណៃ (Lawali Zonai) បាននិយាយថា អ្នកភូមិចំនួន២៧នាក់ បានស្លាប់ក្នុងការវាយប្រហារនេះ ខណៈកងទ័ពចំនួន៧នាក់ ត្រូវបាន បញ្ជូន ពីកន្លែងវាយប្រហារដ៏រន្ធត់បំផុត ទៅសង្រ្គោះនៅសហគមន៍ ។
អ្នកនាំពាក្យនគរបាលប្រចាំរដ្ឋហ្សាំហ្វារ៉ា ពុំបានឆ្លើយតបភ្លាមៗទេ ចំពោះការហៅទូរស័ព្ទសុំការបញ្ជាក់ពីឧបទ្ទវហេតុនេះ។
ក្រុមអន្ធពាលប្រដាប់អាវុធជាបុរស ដែលតំបន់នេះហៅថាជាក្រុមចោរប្លន់ បានលុកលុយទូទាំងភាគពាយ័ព្យរបស់នីហ្ស៊េរីយ៉ា កាលពី៣ឆ្នាំកន្លងទៅ ដោយបានចាប់ជំរិតមនុស្សរាប់ពាន់នាក់ សម្លាប់មនុស្សរាប់រយនាក់ និងបង្កអសុវត្ថិភាព ក្នុងការធ្វើដំណើរតាមផ្លូវឬ ការធ្វើស្រែចម្ការនៅក្នុងតំបន់មួយចំនួន៕

