អ៊ីស្រាអែល៖ ក្រុមវេជ្ជបណ្ឌិតអ៊ីស្រាអែលបានចាប់ផ្ដើមធ្វើកូដកម្មរយៈពេល២៤ម៉ោងកាលពីថ្ងៃអង្គារ ទី២៥ខែកក្កដា ឆ្លើយតបទៅនឹង ការផ្ដល់សច្ចាប័នរបស់រដ្ឋាភិបាលស្ដាំនិយមប្រកាន់តឹង ដំណាក់កាលដំបូងរបស់ច្បាប់កំណែទម្រង់ប្រព័ន្ធតុលាការ ដែលក្រុមអ្នករិះគន់ បារម្ភពីគ្រោះថ្នាក់ដល់ឯករាជភាពរបស់តុលាការ។
ច្បាប់មិនសមហេតុផលនេះ នឹងកំណត់អំណាចរបស់តុលាការកំពូលក្នុងការប្រឆាំងសេចក្ដីសម្រេចរបស់រដ្ឋាភិបាល និងការតែងតាំងរដ្ឋមន្ត្រី ដែលខ្លួនមើលឃើញថាជារឿងមិនសមហេតុផល។
ពង្រាងច្បាប់នេះ បានឆ្លងផុតអំណានទី២និងទី៣ កាលពីថ្ងៃចន្ទ ដោយសំឡេងភាគច្រើន ចំនួន៦៤ ក្នុងចំណោមសមាជិកសភា សរុប១២០ រូប ទោះបីជាផ្ទុះការតវ៉ាប្រឆាំងទូទាំងប្រទេស និងការតវ៉ាបានឈានចូលដល់សប្ដាហ៍ទី២៩ ក៏ដោយ។
ក្រុមអ្នកប្រឆាំងមួយចំនួនបានចោទប្រកាន់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ពីបទរុញអ៊ីស្រាអែលទម្លាក់ចូលក្នុងរបបដឹកនាំផ្ដាច់ការ។
សមាគមន៍វេជ្ជសាស្ត្រអ៊ីស្រាអែល បានបញ្ជឲ្យក្រុមវេជ្ជបណ្ឌិតធ្វើកូដកម្មរយៈពេល២៤ម៉ោង នៅទូទាំងប្រទេសលើកលែងតែទីក្រុងហ្ស៊េរ៉ុយសាឡឹម ។
នគរបាលបាញ់ទឹកដើម្បីបំបែកក្រុមអ្នកតវ៉ា និងមនុស្សមួយចំនួនត្រូវបានទាញចេញដោយនគរបាល ។
នគរបាលអ៊ីស្រាអែលនិយាយថា មនុស្សយ៉ាងហោចណាស់២២នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ៕

