អាមេរិក៖ អ្នកនាំពាក្យរងក្រសួងការបរទេស លោក វីដានធ៍ ប៉ាតែល (Vedant Patel) បាននិយាយកាលពីថ្ងៃអង្គារ (ទី២៥ កក្កដា)ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកដឹងថា លោក ទ្រីវ័រ រីដ (Trevor Reed) អតីតទាហានម៉ារីនអាមេរិក ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសរុស្ស៊ី ហើយបន្ទាប់មកត្រូវបានដោះលែងនៅក្នុងការដោះដូរអ្នកទោសកាលពីឆ្នាំមុន បានរងរបួសក្នុងពេលកំពុងប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន។
លោកប៉ាតែល ក៏បាននិយាយផងដែរថា គាត់មិនបានដឹងពីការទំនាក់ទំនងណាមួយ ដែលផ្តល់ជូនរដ្ឋាភិបាលសហរដ្ឋអាមេរិកអំពីផែនការធ្វើដំណើររបស់លោកទ្រីវ័រ រីដ ទៅកាន់អ៊ុយក្រែននោះទេ។
លោកប៉ាតែល បាននិយាយទៀតថា លោករីដ ត្រូវបានដឹកជញ្ជូនដោយមានការជំនួយពីអង្គការក្រៅរដ្ឋាភិបាលមួយទៅកាន់ប្រទេសអាល្លឺម៉ង់សម្រាប់ការថែទាំសុខភាព។

សហរដ្ឋអាមេរិក បានព្រមានម្តងហើយម្តងទៀត មិនឲ្យជនជាតិអាមេរិកធ្វើដំណើរទៅអ៊ុយក្រែន ឬចូលរួមក្នុងការប្រយុទ្ធគ្នា ហើយទីប្រឹក្សាផ្នែការធ្វើដំណើររបស់ក្រសួងការបរទេសសម្រាប់អ៊ុយក្រែន ព្រមានថាមានរបាយការណ៍អំពីជនជាតិរុស្សី បានដាក់គោលដៅលើពលរដ្ឋអាមេរិកនៅក្នុងតំបន់ដែលកាន់កាប់ដោយរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន សម្រាប់ការឃុំខ្លួន ការសួរចម្លើយឬ ការបៀតបៀន៕