ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃស្អែកនេះ នឹងបើកសវនាការលើបណ្តឹងញុះញង់ឲ្យគូសបំផ្លាញសន្លឹកឆ្នោតចំនួន ៥ បណ្តឹងទៀត ខណៈបណ្ដឹងចំនួន ៣០ បណ្តឹងផ្សេងទៀតសម្រេចផ្តន្ទាទោសពិន័យជាប្រាក់ និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត។
ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា អំឡុងពេល និងក្រោយពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ បានបញ្ចប់ និងបានប្រកាសលទ្ធផលបឋមក្តី ប៉ុន្តែគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត បានទទួលបណ្តឹងសរុបចំនួន៣៥ បណ្តឹងពីតាមបណ្តារាជធានី-ខេត្ត ដែលពាក់ព័ន្ធនឹងករណីញុះញង់គូសបំផ្លាញសន្លឹកឆ្នោត។
ឯកឧត្តមបន្តថា ក្នុងចំណោមទាំង៣៥បណ្តឹងនោះ មាន ៣០ បណ្តឹងបានសម្រេចផ្តន្ទាទោស ដោយមានទាំងការផាកពិន័យជាប្រាក់ រួមទាំងលុបឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត និងដកសិទ្ធិមិនឲ្យឈរឈ្មោះបោះឆ្នោត ខណៈបណ្ដឹងចំនួន ៥ បណ្តឹងផ្សេងទៀតនឹងត្រូវលើកក្នុងសវនាការជម្រះនៅថ្ងៃទី ២៧ កក្កដា ស្អែកនេះ។
ឯកឧត្តម ហង្ស ពុទ្ធា ថ្លែងថា ក្នុងចំណោមបណ្តឹងពាក់ព័ន្ធនឹងការញុះញង់គូសបំផ្លាញសន្លឹកឆ្នោតនេះ ភាគច្រើនប្តឹងដោយតំណាងរបស់គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋមួយចំនួន ខណៈបណ្តឹងទាំង៥ នឹងលើកទៅក្នុងសវនាកានោះមកពីខេត្តត្បូងឃ្មុំ ២បណ្តឹង ប៉ៃលិន ២បណ្តឹង និងកំពង់ចាម ១ បណ្តឹង។
ឯកឧត្តមបន្តថា ពាក់ព័ន្ធនឹងបណ្តឹងទាំង៥ខាងលើ បន្ទាប់ពី គ.ជ.ប ចេញសេចក្តីសម្រេច តំណាងដើមចោទ ឬចុងចោទអាចបន្តប្តឹងជំទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល៧២ម៉ោង។
សូមជម្រាបថា ក្រោយការដោះស្រាយបណ្តឹងបញ្ចប់ជាស្ថាពរ គ.ជ.ប នឹងធ្វើការប្រកាសលទ្ធផលបណ្តោះអាសន្ន នាថ្ងៃទី៥ សីហា និងលទ្ធផលផ្លូវការប្រកាសនាថ្ងៃទី៩ សីហាខាងមុខ៕ អត្ថបទ សេក ឧត្តម