ស៊ូដង់៖ គណៈកម្មាធិការរបស់អង្គភាពតស៊ូមតិមួយ បានឲ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិល ១៦នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃអង្គារ (ទី២៥ ខែកក្កដា) ក្នុងការវាយប្រហារតាមផ្លូវអាកាស និងការបាញ់កាំភ្លើងធំ នៅឯសង្កាត់មួយ ក្នុងទីក្រុងអូមឌើម៉ាន (Omdurman) នៅភាគខាងលិចនៃរដ្ឋធានីខាទូម (Khartoum) របស់ប្រទេសស៊ូដង់។
ជាមួយគ្នានេះ គណៈកម្មាធិការតស៊ូមតិរបស់អង្គភាព Ombada ដែលជាក្រុមយុវជនដ៏មានប្រជាប្រិយនេះ ក៏បានប្រាប់ផងដែរថា មានជនរងគ្រោះផ្សេងទៀត នៅផ្សារ Souk Libya ដែលជាផ្សារមូលដ្ឋាន ក្នុងក្រុងអូមឌើម៉ាន ដោយសារការវាយប្រហារនេះ។
ទន្ទឹមនឹងនេះ លោកស្រី ក្លេម៉ុនទីន អិនក្វេតា-សាឡាមី (Clementine Nkweta-Salami) អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំប្រទេសស៊ូដង់ នៅថ្ងៃអង្គារនោះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ស្ថានភាពមនុស្សធម៌ ក្នុងប្រទេសស៊ូដង់ បានប្រែកា្លយទៅជាមហន្តរាយទាំងស្រុងហើយ។
យោងតាមសេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា ទីកន្លែងមនុស្សធម៌ ក៏ត្រូវបានវាយប្រហារផងដែរ ដោយឃ្លាំងស្តុកសម្ភារៈមនុស្សធម៌យ៉ាងហោចណាស់៥០កន្លែង ត្រូវបានចូលលួច ហើយការិយាល័យចំនួន ៨២កន្លែង ត្រូវបានចូលទៅរុករើ។
សូមបញ្ជាក់ថា ប្រទេសស៊ូដង់បាន និងកំពុងកើតមានការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា នៅទីក្រុងខាទូម (Khartoum) និងតំបន់ផ្សេងទៀត ចាប់តាំងពីថ្ងៃទី១៥ ខែមេសាមក ហើយយោងតាមតួលេខដែលចេញផ្សាយដោយក្រសួងសុខាភិបាលស៊ូដង់ បានឲ្យដឹងថា មនុស្សជាង ៣.០០០នាក់ បានបាត់បង់ជីវិត និងជាង ៦.០០០នាក់ រងរបួស៕



