ភ្នំពេញ៖ សប្ដាហ៍ក្រោយចាប់ពីថ្ងៃទី១ខែសីហា ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើការដំឡើងប្រាក់ឧបត្ថម្ភជូនស្រ្តីមានផ្ទៃពោះជាមន្រ្តីរាជការ មន្រ្តីកម្មសិក្សា មន្រ្តីជាប់កិច្ចសន្យា កម្មការិនីជាសមាជិក ប.ស.ស ក៏ដូចជាស្រ្តីមានផ្ទៃពោះរស់នៅក្នុងគ្រួសារមានបណ្ណសមធម៌។ ការដំឡើងថវិកាឧបត្ថម្ភនេះ គឺដំឡើងជូនទ្វេដង។
រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តគាំពារស្រ្តីមានផ្ទៃពោះ និងកុមារតូច ក៏ដូចជាជំរុញការអភិវឌ្ឍមូលធនមនុស្ស ក៏បានសម្រេចដំឡើងកម្រិតថវិកាឧបត្ថម្ភជូនស្រ្តីមានផ្ទៃពោះក្នុងគ្រួសារមានបណ្ណសមធម៌ កម្មការនីជាសមាជិក ប.ស.ស និងស្រ្តីមានផ្ទៃពោះជាមន្រ្តីរាជការ មន្រ្តីចុះកម្មសិក្សា និងមន្រ្តីជាប់កិច្ចសន្យា។
ការដំឡើងថវិកាឧបត្ថម្ភគឺ ផ្ដល់ជូនទ្វេដង សម្រាប់ការពិនិត្យផ្ទៃពោះចំនួន ៤ដង ការសម្រាល និងក្រោយសម្រាលចំនួន ១០ដង រហូតកូនអាយុ ២ឆ្នាំ។ ប្រាក់ឧបត្ថម្ភទាំងនេះ គឺផ្តល់ជូននៅពេលក្រុមគោលដៅទៅទទួលសេវាពិនិត្យថែទាំសុខភាពមាតា ទារកនៅគ្រប់មន្ទីរពេទ្យរដ្ឋ។
សម្រាប់ស្រ្តីមានផ្ទៃពោះ និងសម្រាលកូនរួច ជាក្រុមគោលដៅ បង្ហាញការសប្បាយចិត្តជាខ្លាំង នៅពេលដែលរាជរដ្ឋាភិបាលសម្រេចបន្ថែមថវិកាឧបត្ថម្ភ។ បច្ចុប្បន្នពួកគេទទួលបានការ យកចិត្តទុកដាក់ជាខ្លាំងពីក្រុមគ្រូពេទ្យ និងទទួលបានថវិកាជាប្រចាំតាមការកំណត់។ ពួកគេក៏សូមអរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការគិតគូខ្ពស់ចំពោះពួកគេ។
ពាក់ព័ន្ធនឹងការងារនេះដែរ លោកស្រីវេជ្ជបណ្ឌិត ហ៊ាង មករា ប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ លើកឡើងថាមន្ទីរពេទ្យ ក្រៅពីការផ្ដល់សេវាថែទាំដោយយកចិត្តទុកដាក់ ក៏បានផ្ដល់ការណែនាំ និងជួយសម្រួលលើការងារមួយចំនួន ដើម្បីឱ្យក្រុមគោលដៅទាំងនោះទទួលបាននូវអត្ថប្រយោជន៍ដែលពួកគេអាចទទួលបានពីរាជរដ្ឋាភិបាល។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថាការដំឡើងកម្រិតថវិកាឧបត្ថម្ភនេះ គឺបង្ហាញពី ការប្ដេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការគិតគូរដល់ស្រ្តីមានផ្ទៃពោះ កុមារតូច ស្របតាមអាទិភាពដែលកំណត់យក មនុស្ស ជាចម្បង និងគោលការណ៍ មិនបោះបង់ពលរដ្ឋណាម្នាក់៕អត្ថបទ៖ គឹមហុក


