អូស្ត្រាលី៖ ត្រីបាឡែនជាង៥០ក្បាល បានងាប់ រយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីបានជាប់ខ្លួននៅលើឆ្នេរសមុទ្រ នៅប្រទេសអូស្ត្រាលី ភាគខាងលិច ដោយអាជ្ញាធរនិយាយនៅថ្ងៃពុធនេះថា ពួកគេកំពុងប្រញាប់ប្រញាល់ជួយសង្គ្រោះត្រីបាឡែនរាប់សិបក្បាលទៀត។
ហ្វូងត្រីបាឡែនព្រុយវែងជិត ១០០ ក្បាល ត្រូវបានគេប្រទះឃើញនៅឆ្នេរ Cheynes ក្បែរទីក្រុង Albany មានចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Perth កាលពីល្ងាចថ្ងៃអង្គារ។
ក្រុមអ្នកជំនាញមកពីឧទ្យាននិងសេវាកម្មសត្វព្រៃរបស់រដ្ឋ ចូលរួមដោយក្រុមអ្នកស្ម័គ្រចិត្ត បានធ្វើការពេញមួយយប់ ដោយទប់ទល់នឹងសីតុណ្ហភាពត្រជាក់ ដើម្បីតាមដានត្រីបាឡែន។
អង្គការសេវាកម្មបានបញ្ជាក់នៅព្រឹកថ្ងៃពុធនេះថា ត្រីបាឡែនចំនួន៥១ក្បាលបានងាប់។ អង្គការនេះបាននិយាយថា ពេលនេះខ្លួនកំពុងធ្វើការជាមួយក្រុមអ្នកស្ម័គ្រចិត្តដើម្បីព្យាយាមជួយសង្គ្រោះត្រីបាឡែនចំនួន ៤៦ ក្បាលដែលនៅសល់ ដោយមានផែនការនាំពួកវាទៅកាន់ទឹកជ្រៅក្នុងអំឡុងពេលថ្ងៃ។
ឃ្លីបវីដេអូពីកន្លែងកើតហេតុ បានបង្ហាញពីលក្រុមអ្នកស្ម័គ្រចិត្ដ ដែលភាគច្រើនស្លៀកពាក់សម្លៀកបំពាក់សើម កំពុងធ្វើការយ៉ាងមមាញឹក ដើម្បីជួយថនិកសត្វដែលកំពុងជាប់ខ្លួននៅច្រាំងសមុទ្រ។
អ្នកនាំពាក្យនៃការិយាល័យសេវាឧទ្យាន និងសត្វព្រៃ បាននិយាយថា ខ្លួនទទួលបានជំនួយជាច្រើន ប៉ុន្តែនិយាយថាខ្លួនមានអ្នកស្ម័គ្រចិត្តគ្រប់គ្រាន់ ហើយសាធារណជនគួរតែនៅឱ្យឆ្ងាយពីឆ្នេរ សម្រាប់ហេតុផលសុវត្ថិភាព៕

