រុស្ស៊ី៖ មន្ត្រីវិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន មានបំណងធ្វើទស្សនកិច្ចនៅប្រទេសចិននៅក្នុងខែតុលា។
លោក Yury Ushakov បានប្រាប់សារព័ត៌មានរដ្ឋរុស្ស៊ី និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតកាលពីថ្ងៃអង្គារថា លោក ពូទីន មានផែនចូលរួមវេទិកាស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ប្រទេសចិន ក្នុងបំណងបង្កើតតំបន់សេដ្ឋកិច្ចដ៏ធំមួយ។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូកាលពីខែមីនាថា លោកបានអញ្ជើញលោក ពូទីន មកកាន់វេទិកានេះ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីមុនថា លោក ពូទីន ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីប្រធានបទជាច្រើនក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក មានចាប់ពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រហូតដល់កិច្ចការអន្តរជាតិ។
លោក ពូទីន បានធ្វើទស្សនកិច្ចលើកចុងក្រោយនៅប្រទេសចិនកាលពីខែកុម្ភៈ ឆ្នាំមុន មុនពេលរុស្ស៊ីចាប់ផ្តើមការវាយលុកដោយយោធារបស់ខ្លួនលើអ៊ុយក្រែន។
រុស្ស៊ី និងចិន កំពុងពង្រឹងទំនាក់ទំនងកាន់តែរឹងមាំចាប់តាំងពីការវាយលុកនោះមក ខណៈប្រទេសទាំងពីរប្រឈមមុខទំនាក់ទំនងកាន់តែធ្លាក់ចុះខ្លាំងជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។