
ភ្នំពេញ៖ ក្រុមមនុស្សស្រីប្រុស ចំនួនជាង ៦០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីយប់មិញ ដោយសារការប្រមូលផ្ដុំគ្នាផឹកស៊ី ល្មើសបម្រាមដែលត្រូវបានដាក់ ចេញដោយសាលារាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
ក្រុមសមត្ថកិច្ចចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឆ្មក់បង្ក្រាបក្រុមមនុស្ស ដែលបានប្រមូលផ្ដុំគ្នាស៊ីផឹក កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភានេះ នៅក្នុងអាគារខុនដូមួយកន្លែង ជាប់ផ្លូវ៩៥ កែងផ្លូវ២៨៨ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។
សមត្ថកិច្ច បានឲ្យដឹងថា ក្រុមមនុស្សប្រុសស្រីទាំងនេះ ដែលភាគច្រើនជាជនជាតិចិន បានបង្កើតកម្មវិធីជួបជុំគ្នាផឹកស៊ី និងប្រើប្រាស់គ្រឿងញៀន ល្មើសទៅនឹងវិធានការរដ្ឋបាលរបស់សាលារាជធានីភ្នំ ពេញ និងក្រសួងសុខាភិបាល។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច កំពុងធ្វើកំណត់ហេតុ សាកសួរ ដើម្បីកសាងសុំណុំរឿងចាត់ការបន្តតាមច្បាប់៕ អត្ថបទ៖ ម៉ឺន កុម្ភៈ

