កណ្ដាល៖ ក្រោយពីពលរដ្ឋខ្មែរបាននាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសការបោះឆ្នោតជាតិឆ្នាំ២០២៣ កាលពីថ្ងៃទី២៣ ខែកក្តដា លទ្ធផលបឋម បង្ហាញថាមានសម្លេងភាគច្រើនលើសលុប , នៅពេលនេះ បណ្តាមន្ត្រី សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋាន បានប្តេជ្ញាបង្កើនសកម្មភាព បំពេញការងារ ផ្តល់សេវា និងអភិវឌ្ឍន៍មូលដ្ឋានជូនពលរដ្ឋឲ្យបានខ្លាំងកា្ល ទៅតាមកម្មវិធីនយោបាយគណបក្សប្រជាជនកម្ពុជា ដែលបានឃោសនាមុនការបោះឆ្នោត។
បើតាម ឯកឧត្តម ម៉ៅ ភិរុណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី២៦ ខែកក្កដានេះ ដោយលើកឡើងថ្លែងអំណរគុណជាខ្លាំងចំពោះពលរដ្ឋខេត្តកណ្តាលប្រមាណ៩០% បាននាំគ្នាអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ហើយតាមរយៈការនាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនច្រើនលើសលប់នេះ បណ្តាសមាជិក សមាជិកាបក្ស ហើយខ្លះជាថ្នាក់ដឹកនាំ ជាអាជ្ញាធរមូលដ្ឋាន តាមបណ្តាស្រុកក្រុង ឃុំសង្កាត់ គឺបានប្តេជ្ញាចិត្តបង្កើនសកម្មភាពឲ្យបានខ្លាំងក្លាថែមទៀត អនុវត្តកម្មវិធីគោលនយោបាយបក្ស កម្មវិធីនយោបាយរាជរដ្ឋាភិបាល ផ្តល់សេវាមូលដ្ឋានជូនពលរដ្ឋឲ្យបានល្អ ខិតខំអភិវឌ្ឍន៍មូលដ្ឋាន ជំរុញជីវភាពពលរដ្ឋ កាន់តែប្រសើរឡើង និងកាត់បន្ថយភាពក្រីពលរដ្ឋនៅកម្រិតទាបបំផុត។
បើតាមថ្នាក់ដឹកនាំគណបក្សប្រជាជននៅសង្កាត់សិត្បូ និងសង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាលវិញ និងក្នុងនាមជាប្រតិបត្តិករផ្តល់សេវាផ្ទាល់នៅថ្នាក់ឃុំសង្កាត់ ក៏បានបង្ហាញការប្តេជ្ញាថា នឹងបង្កើនការផ្តល់សេវាល្អ ជំរុញអភិវឌ្ឍន៍មូលដ្ឋានមានផ្លូវថ្នល់ស្អាត ស្រួលធ្វើដំណើរ ជាពិសេសខិតខំអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព ការពារសុខ សុវត្ថិភាព ការប្រកបរបរជូនពលរដ្ឋឲ្យបានល្អបំផុត។
សូមបញ្ជាក់ថា នៅខេត្តកណ្តាលមានពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានប្រមាណជិត៥៧ម៉ឺននាក់ ខណៈទូទាំងខេត្តមានពលរដ្ឋទៅបោះឆ្នោតជិត៧៣ម៉ឺននាក់ស្មើនឹងប្រមាណ៩០% នៃចំនួនអ្នកមានឈ្មោះបោះឆ្នោតសរុបនៅក្នុងបញ្ជី ៕ អត្ថបទ៖ ស៊ុម សុខជា