រុស្ស៊ី-ចិន៖ ប្រទេសរុស្ស៊ី និងចិនកំពុងបង្កើនសមយុទ្ធយោធារួមគ្នានៅអាស៊ី និងប៉ាស៊ីហ្វិក ហើយសកម្មភាពរបស់ពួកគេ កំពុងចាប់ផ្តើមធ្វើឲ្យមន្ទីរបញ្ចកោណមានការព្រួយបារម្ភយ៉ាងខ្លាំង។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ទីក្រុងប៉េកាំងនិងទីក្រុងមូស្គូ បានបញ្ចប់សមយុទ្ធដែនអាកាស និងកងទ័ពជើងទឹកដ៏ធំនៅសមុទ្រជប៉ុន រួមទាំងបេសកកម្មប្រឆាំងនាវាមុជទឹក ការហ្វឹកហ្វឺនការពារដែនសមុទ្រ និងអាកាស និងសមប្រយុទ្ធ។ ក្រុមមេដឹកនាំ បាននិយាយថា ការអនុវត្តសាកល្បង គឺផ្តោតលើ«ការការពារ»ការដឹកជញ្ជូនតាមសមុទ្រក្នុងតំបន់ ដែលអាចជាការនិយាយចំអកចំពោះភាសាដែលរដ្ឋបាលលោកបៃដិន បានប្រើដើម្បីធ្វើឲ្យមានភាពត្រឹមត្រូវនៃវត្តមានយោធារបស់ខ្លួនដែលកំពុងកើនឡើង នៅក្នុងសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់។
កាលពីខែមុន យន្តហោះទម្លាក់គ្រាប់បែក H-6 របស់ចិនចំនួន៤គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក Tu-95 របស់រុស្ស៊ី ចំនួនពីរគ្រឿង បានធ្វើការល្បាតរួមគ្នារវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង និងបន្តទៅភាគខាងត្បូងឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន និងកោះហ្គាំ (Guam) ដែលជាមូលដ្ឋានទាំងអស់សម្រាប់កងកម្លាំងអាមេរិក។ ប្រតិបត្តិការនេះ បានបណ្តាលឲ្យទាំងទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល ប្រឹងប្រែងធ្វើសកម្មភាព ដើម្បីការពារដែនអាកាសរបស់ពួកគេ ហើយហាក់ដូចជាការព្រមានដល់មេដឹកនាំនៃប្រជាជាតិប្រទេស Quad ដូចជាសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា ដែលកំពុងជួបប្រជុំនៅទីក្រុងតូក្យូក្នុងសប្តាហ៍នោះ។
ក្រុមមន្ត្រីការពារជាតិអាមេរិក បាននិយាយថា ពេលនេះ ពួកគេកំពុងធ្វើការវាស់វែងថាតើយោធាចិន និងរុស្ស៊ីនឹងសម្លឹងមើលការធ្វើសមយុទ្ធប្រភេទនេះដែលកាន់តែខិតទៅជិតទឹកដីអាមេរិក ឬយ៉ាងណា។ ហើយក៏មានការព្រួយបារម្ភផងដែរថា វិមានក្រឹមឡាំង អាចនឹងចែករំលែកទិន្នន័យសមរភូមិពីសង្គ្រាមរបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែនដែលពាក់ព័ន្ធនឹងប្រតិបត្តិការយោធាប្រឆាំងនឹងប្រព័ន្ធការពាររបស់សហរដ្ឋអាមេរិក និងអង្គការណាតូ ជាមួយនឹងប្រទេសចិន៕


