ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្ដេចនឹងមិនបន្តកាន់មុខតំណែងជានាយករដ្ឋមន្រ្ដីទៀតទេ។
សម្តេចតេជោ បានបញ្ជាក់ថា គឺជាការចាំបាច់ខ្លាំងណាស់ក្នុងការរៀបចំ គណៈរដ្ឋមន្រ្ដីថ្មីមួយ ដែលមានថ្នាក់ដឹកនាំវ័យក្មេងជំនាន់ក្រោយ ដឹកនាំរាជរដ្ឋាភិបាល។
យោងតាមសារពិសេសនៅរសៀលថ្ងៃទី២៦ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសសអំណរគុណដល់បងប្អូនជនរួមជាតិទាំអស់ ដែលបានជឿទុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជា និងបន្តបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនលើសលុប ដើម្បីដឹកនាំរាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ គឺជាការបោះឆ្នោតបំបែកឯតទគ្គកម្ម ដែលមានអ្នកចូលរួមមកបោះឆ្នោតច្រើនជាងគេ ដែលចំនួន៨៤,៥៨ភាគរយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មូលហេតុដែលសម្ដេចប្រញាប់លាលែងពីតំណែងនាយករដ្ឋមន្រ្ដី គឺជាការរៀបចំទុកជាមុន ដើម្បីការរក្សាស្ថិរភាពរយៈពេលវែងរបស់ប្រទេសកម្ពុជា ហើយសន្ដិភាព ស្ថិរភាពរយៈពេលវែងនេះហើយ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសម្ដេច ក្រឡាហោម ស ខេង ជាដើម ក៏នឹងចាកចេញពីតួនាទីដែរ។ ប៉ុន្ដែសម្ដេចតេជោ បានបញ្ជាក់ថា សម្ដេចនឹងនៅតែបន្តតំណែងជាប្រធានគណបក្សប្រជាជនកម្ពុជា៕