
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈថា សម្ដេច មិនបន្តតំណែងជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧នេះទេ ដោយសម្រេចប្រគល់តំណែងនេះទៅឲ្យឯកឧត្តម ហ៊ុន ម៉ាណែត ចាប់ពីដើមអាណត្តិនេះតែម្តង ខណៈសម្តេចនឹងទៅកាន់ជាប្រធានព្រឹទ្ធសភាជំនួសសម្តេចវិបុលសេនាភក្តី សាយ ឈុំ វិញ។
ថ្លែងតាមរយៈសារពិសេសនារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ បានបញ្ជាក់ថា វាជាការចាំបាច់ខ្លាំងបំផុតក្នុងការរៀបចំគណៈរដ្ឋមន្រ្ដីថ្មីមួយដែលមានថ្នាក់ដឹកនាំវ័យក្មេងជំនាន់ក្រោយក្នុងការដឹកនាំរាជរដ្ឋាភិបាលបន្ត ហើយសម្រាប់ថ្នាក់ដឹកនាំចាស់ៗក៏នឹងត្រូវលាលែងចេញពីតំណែងដូចគ្នាផងដែរ ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងដែរថា មានកត្តាធំៗចំនួន៤ដែលត្រូវឲ្យឯកឧត្តម ហ៊ុន ម៉ាណែត ក្លាយទៅជានាយករដ្ឋមន្រ្តី គឺ១.មានការឯកភាពផ្ទៃក្នុងពីគណបក្ស ២.ត្រូវជាប់ជាសមាជិកសភា ៣.ត្រូវបានតែងតាំងពីព្រះមហាក្សត្រ និងទី៤.ត្រូវឆ្លងកាត់ពីសភាជាតិ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអះអាងផងដែរថា ក្រោយពេលដែល សម្តេចលាលែងចេញពីនាយករដ្ឋមន្រ្តី ហើយទៅកាន់ជាប្រធានព្រឹទ្ធសភានោះ សម្តេចនឹងមិនជ្រៀតជ្រែក ទៅលើកិច្ចការងាររបស់នាយករដ្ឋមន្រ្តីនោះទេ ប៉ុន្តែសម្រាប់កិច្ចការងាររបស់គណបក្សគឺសម្តេចនៅតែជា ប្រធានដដែល។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា នាយករដ្ឋមន្រ្តីថ្មី ដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ាណែត នឹងធ្វើការប្រកាសឲ្យកាន់តំណែងជាផ្លូវការនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះតែម្តង៕អត្ថបទ៖ បាន ចក់