យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់នៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីព្យុះទីហ្វុង Doksuri បានបោកបក់លើផ្នែកភាគខាងជើងនៃប្រជុំកោះនេះ ធ្វើឱ្យខូចខាតផ្ទះសម្បែង ដាច់ចរន្តអគ្គិសនី ជន់លិចភូមិដែលនៅទាបៗ និងមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសខ្លួនផងដែរ។

ព្យុះដ៏មានឥទ្ធិពលនេះ ដែលបាននាំខ្យល់បក់ក្នុងល្បឿន ១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង (១០៨ម៉ាយល៍ក្នុងមួយម៉ោង) ខណៈដែលវាបានបោកបក់ចូលប្រទេសហ្វីលីពីននៅថ្ងៃពុធនេះ ហើយត្រូវបានគេរំពឹងថាព្យុះនេះនឹងនៅតែមានសភាពធ្ងន់ធ្ងរ ខណៈដែលវាបន្តដំណើរឆ្ពោះទៅកាន់កោះតៃវ៉ាន់ និងប្រទេសចិននៅចុងសប្តាហ៍នេះ។
ទីភ្នាក់ងារគ្រោះមហន្តរាយជាតិហ្វីលីពីនបាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់នៅក្នុងខេត្ត Rizal របស់ហ្វីលីពីន ភាគខាងកើតនៃរដ្ឋធានីម៉ានីល ដោយសារព្យុះទីហ្វុងនេះ។
នៅខេត្ត Cagayan ភាគខាងជើង មនុស្សជាង ១២.០០០នាក់ត្រូវបានជម្លៀសចេញពីភូមិ និងសាលារៀននៅតាមឆ្នេរសមុទ្រដែលមានហានិភ័យខ្ពស់ ហើយកន្លែងធ្វើការត្រូវបានបិទ ដើម្បីសុវត្ថិភាពផងដែរ៕
