
មនុស្សជាង ៤០នាក់ បានស្លាប់នៅក្នុងចំហេះព្រៃនៅតំបន់សមុទ្រមេឌីទែរ៉ាណេ ដោយភាគច្រើននៃអ្នកស្លាប់ទាំងនោះស្ថិតនៅក្នុងប្រទេសអាល់ហ្សេរី ដែលបានគំរាមកំហែងដល់ភូមិ និងរមណីយដ្ឋានទេសចរណ៍ជាច្រើន ហើយមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសខ្លួន។
ប្រទេសក្រិក កំពុងរៀបចំជើងហោះហើរជម្លៀសបន្ថែមទៀតពីប្រជុំកោះ Rhodes ខណៈភ្លើងក៏ឆាបឆេះលើកោះ Corfu និងកោះ Evia ផងដែរ។ រលកកម្ដៅដ៏យូរនាពេលបច្ចុប្បន្ននេះ បង្ហាញថាមិនមានសញ្ញានៃការធូរស្រាលទេ ហើយសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងកើនឡើងលើសពី៤៤អង្សាសេ (១១១ហ្វារិនហៃ) នៅក្នុងផ្នែកខ្លះនៃប្រទេសក្រិកផងដែរ។
ភ្លើងឆេះរាលដាលនៅកោះស៊ីស៊ីលី បានបង្ខំឱ្យប្រទេសអ៊ីតាលីបិទព្រលានយន្តហោះ Palermo មួយរយៈពេលខ្លី។ ខ្យល់បក់ខ្លាំង និងវាលដីដែលស្ងួតហួតហែង ជំរុញឲ្យក្រុមអ្នកពន្លត់អគ្គិភ័យជួបការលំបាកក្នុងប្រតិបត្តិការនៅក្នុងតំបន់ជាច្រើន ដើម្បីពន្លត់អណ្តាតភ្លើង និងគ្រប់គ្រងចំហេះទាំងនេះ។
ចំនួនអ្នកស្លាប់ច្រើនបំផុតរហូតមកដល់ពេលនេះ គឺនៅក្នុងប្រទេសអាល់ហ្សេរី ជាទីដែលជនរងគ្រោះទាំង ៣៤នាក់ រួមមានទាហាន១០នាក់ ដែលជាប់ក្នុងអណ្តាតភ្លើង អំឡុងពេលជម្លៀសនៅក្នុងខេត្តឆ្នេរសមុទ្រ Bejaia ភាគខាងកើតនៃប្រទេសអាល់ហ្សេរី។ អគ្គិភ័យក៏បានឆាបឆេះនៅក្នុងប្រទេសជិតខាងទុយនីស៊ី ជាទីដែលមនុស្ស ៣០០នាក់ត្រូវជម្លៀសចេញពីភូមិឆ្នេរ Melloula ផងដែរ៕