
ក្រុមហ៊ុន TikTok កំពុងផ្តោតលើក្រុមហ៊ុន X ដែលកាលពីមុនត្រូវបានគេស្គាល់ថាឈ្មោះក្រុមហ៊ុន Twitter ។ កម្មវិធីចែករំលែកវីដេអូកម្សាន្តរបស់ចិនមួយនេះ បានបង្កើតមុខងារបង្ហោះអត្ថបទថ្មីនៅក្នុងកម្មវិធីរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានមុខងារការបង្ហោះអត្ថបទ ស្រដៀងទៅនឹងការបង្ហោះនៅលើបណ្ដាញសង្គម X ដែរ។
តាមរយៈការធ្វើដូច្នេះ TikTok បានក្លាយជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមធំទី២ ដែលកំពុងប្រកួតប្រជែងជាមួយក្រុមហ៊ុន X ដោយត្រូវបានប្តូរឈ្មោះថ្មីនៅសប្តាហ៍នេះដោយម្ចាស់របស់ខ្លួនគឺលោក Elon Musk បន្ទាប់ពីមានភាពចលាចលជាច្រើនខែ និងអត្រាលក់ការផ្សាយពាណិជ្ជកម្មធ្លាក់ចុះនៅក្នុងក្រុមហ៊ុន។
កាលពីដើមខែនេះ នាយកប្រតិបត្តិក្រុមហ៊ុន Meta Platforms លោក Mark Zuckerberg បានបើកដំណើរការកម្មវិធី Threads ដែលជាកម្មវិធីសម្រាប់តែការបង្ហោះអត្ថបទប៉ុណ្ណោះ។ មុខងារថ្មីរបស់កម្មវិធី TikTok ដែលមើលទៅស្រដៀងនឹងមុខងារ Instagram Stories ដែរនោះ មានដែនកំណត់បង្ហោះចំនួន ១.០០០តួអក្សរ នេះបើយោងតាមគេហទំព័រព័ត៌មានបច្ចេកវិទ្យា The Verge។
ការផ្លាស់ប្តូររបស់ក្រុមហ៊ុន TikTok នេះ បានធ្វើឡើងនៅពេលដែលក្រុមហ៊ុនប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែខ្លាំងឡើងដោយក្រុមមន្ត្រីអាមេរិក និងការហាមឃាត់ដ៏មានសក្តានុពលនៅក្នុងសហរដ្ឋអាមេរិក ជុំវិញការព្រួយបារម្ភថា ការប្រមូលទិន្នន័យរបស់កម្មវិធី TikTok បង្កហានិភ័យសន្តិសុខជាតិ៕