
បើយោងតាមរបាយការណ៍មួយ ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ (ទី២៥ ខែកក្កដា) បានឲ្យដឹងថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ថយការរំពឹងទុកពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ នៅឆ្នាំ២០២៣ នេះ ដោយប៉ាន់ប្រមាណថា នឹងធ្លាក់ចុះ ៣,០ភាគរយ ដែលជាការធ្លាក់ចុះចំនួន០,២ភាគរយពីការព្យាករណ៍ពីមុនរបស់មូលនិធិនេះ។
ក្នុងចំណោមប្រទេសអ្នកមានសេដ្ឋកិច្ចលូតលាស់ទាំង៧ (G7) អាល្លឺម៉ង់គឺជាប្រទេសតែមួយគត់ ដែល IMF បានកែប្រែការរំពឹងទុកពីកំណើនសេដ្ឋកិច្ច សម្រាប់ឆ្នាំនេះ។ ចាប់តាំងពីដើមឆ្នាំ២០២៣មក សូចនាករសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសអាល្លឺម៉ង់ បាន និងកំពុងធ្លាក់ចុះ ដែលនាំឲ្យមានការបារម្ភអំពីវិបត្តិសេដ្ឋកិច្ច ដែលអាចកើតមាន។
របាយការណ៍បានបញ្ជាក់ថា ដោយសារតែវិបត្តិរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្តមាន វិបត្តិថាមពល និងការធ្លាក់ចុះនៃតម្រូវការពីខាងក្រៅ រួមជាមួយនឹងផលប៉ះពាល់ពីគោលនយោបាយរឹតបន្តឹងរូបិយវត្ថុរបស់តំបន់អឺរ៉ុប ឧស្សាហកម្មផលិតកម្មរបស់ប្រទេសអាល្លឺម៉ង់ មានភាពទន់ខ្សោយ ដោយហេតុដូច្នេះហើយទើបធ្វើឲ្យសេដ្ឋកិច្ចជារួមធ្លាក់ចុះ។ នៅត្រីមាសទីមួយឆ្នាំនេះ សេដ្ឋកិច្ចអាល្លឺម៉ង់ បានធ្លាក់ចូលទៅក្នុងឱនភាពតាមលក្ខណៈបច្ចេកទេស ដោយទិន្នន័យសេដ្ឋកិច្ចសំខាន់ៗ បានធ្លាក់ចុះជាបន្តបន្ទាប់ ចាប់តាំងពីចូលខែកក្កដាមក។
ទិន្នន័យចុងក្រោយបំផុត បង្ហាញថា វិស័យសេវាកម្មអាល្លឺម៉ង់បានធ្លាក់ចុះ ក្នុងអាជីវកម្មថ្មីជាលើកដំបូង ក្នុងរយៈពេល ៦ខែ ខណៈដែលការបញ្ជាទិញផលិតកម្ម បានធ្លាក់ចុះក្នុងល្បឿនលឿនជាងមុន ហើយអាជីវកម្មនាំចេញ ក៏ថយចុះដូចគ្នាផងដែរ។ មានការបារម្ភកាន់តែខ្លាំងឡើង ក្នុងចំណោមអ្នកជំនាញ ដែលថា សេដ្ឋកិច្ចអាល្លឺម៉ង់ អាចនឹងធ្លាក់ចូលក្នុងឱនភាព នៅក្នុងឆមាសទី២នៃឆ្នាំនេះ៕