
បន្ទាប់ពីមានភាពឯកាដោយសារជំងឺរាតត្បាតជាច្រើនឆ្នាំមក ប្រទេសកូរ៉េខាងជើង បានអញ្ជើញមិត្តរបស់ខ្លួនត្រឡប់មកវិញក្នុងសប្តាហ៍នេះ ដោយទទួលគណៈប្រតិភូជាន់ខ្ពស់ចិន និងរុស្ស៊ីសម្រាប់ពិធីរំលឹកខួបលើកទី៧០នៃសង្គ្រាមកូរ៉េ និងការតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។
ឥស្សរជនដែលមកទស្សនា ដែលរួមមានរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោកសឺហ្គេ ស៊ូហ្គូ ( Sergei Shoigu) និងសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន លោក លី ហុងចុង (Li Hongzhong) ត្រូវបានគេរំពឹងថា នឹងត្រូវបានបង្ហាញនូវព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រទេសកូរ៉េខាងជើងគឺក្បួនព្យុហយាត្រាយោធាដ៏ធំដែលបង្ហាញពីអាវុធចុងក្រោយរបស់ខ្លួន។
ក្រុមអ្នកវិភាគ បាននិយាយថា ទស្សនីយភាពនេះ ទំនងជានឹងរួមបញ្ចូលមីស៊ីលបំពាក់ដោយនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលត្រូវបានហាមឃាត់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលរុស្ស៊ី និងចិន ជាសមាជិកអចិន្ត្រៃយ៍។
ដំណើរទស្សនកិច្ចនេះ គឺជាក្រុមគណៈប្រតិភូបរទេសដែលគេស្គាល់ដំបូងគេ ដែលទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ បានចាប់ផ្តើម ហើយកើតឡើងនៅពេលទីក្រុងក្រុងព្យុងយ៉ាង បានងាកទៅពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងប៉េ កាំងនិងទីក្រុងមូស្គូឲ្យកាន់តែស៊ីជម្រៅ ដោយស្វែងរកចំណុចរួមនៅក្នុងការប្រកួតប្រជែងរបស់ពួកគេជាមួយទីក្រុងវ៉ាស៊ីនតោន និងលោកខាងលិច។

