
ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយផ្នែកសន្តិសុខចំនួន ៤០០លានដុល្លារបន្ថែម សម្រាប់អ៊ុយក្រែនកាលពីថ្ងៃអង្គារ រួមទាំងមីស៊ីលការពារដែនអាកាស រថពាសដែក និងយានដ្រូនខ្នាតតូច ខណៈពេលដែលការវាយបករបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី កំពុងបន្តអូសបន្លាយ។
កញ្ចប់ជំនួយថ្មីដែលត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មានReuters នឹងរួមបញ្ចូលជាលើកដំបូងនូវយានដ្រូនស៊ើបការណ៍ Black Hornet ដែលផលិតដោយក្រុមហ៊ុន Teledyne FLIR Defense ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនTeledyne Technologies ។
ក្រុមហ៊ុន បាននិយាយថា យានដ្រូនHornet ដែលផលិតដោយប្រទេសន័រវែស កំពុងត្រូវបានប្រើប្រាស់ នៅក្នុងប្រទេសអ៊ុយក្រែនតាមរយៈការបរិច្ចាគដោយរដ្ឋាភិបាលអង់គ្លេសនិងន័រវេស។ ប្រព័ន្ធយានហោះហើរគ្មានមនុស្សបើក FLIR (FLIR Unmanned Aerial Systems) បានទទួលកិច្ចសន្យាមានតម្លៃចំនួន៩៣លានដុល្លារអាមេរិកនៅក្នុងខែមេសា ដើម្បីផ្តល់យានដ្រូនស៊ើបការណ៍ខ្នាតតូចដល់កងទ័ពសហរដ្ឋអាមេរិក។
លើសពីនេះ កញ្ចប់ជំនួយសព្វាវុធ រួមមាន គ្រាប់រំសេវសម្រាប់ប្រព័ន្ធការពារដែនអាកាសប៉ាទ្រីយ៉ូត (Patriot) និងប្រព័ន្ធមីស៊ីលបាញ់ពីលើផ្ទៃរាបទៅលើអាកាស (NASMS) ប្រព័ន្ធប្រឆាំងមីស៊ីលបាញ់យន្តហោះគងលើស្មាStinger គ្រាប់រំសេវជាច្រើនទៀតសម្រាប់ប្រព័ន្ធជើងទម្របាញ់គ្រាប់រ៉ុក្កែតកាំភ្លើងធំចល័តទីរហ័ស (HIMARS) រថពាសដែក Stryker និងមីស៊ីលនិងរ៉ុក្កែតជាច្រើនប្រភេទទៀត៕