កីឡាការិនីប្រណាំងកង់ហូឡង់ Yara Kastelijn រកបានជ័យជំនះក្នុងដំណាក់កាលលើកដំបូង នៅក្នុងព្រឹត្តិការណ៍ ប្រណាំងកង់លំដាប់ World Tour បន្ទាប់ពីឈ្នះដំណាក់កាលទី ៤ ប្រណាំងកង់ Tour de France ផ្នែកនារី។
ដំណាក់កាលទី ៤ ដែលមានចំងាយផ្លូវ ១៧៧ គីឡូម៉ែត្រ កីឡាការិនីដែលជិះឱ្យក្រុម Fenix-Deceuninck រូបនេះបានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ ម៉ោង ៣៨ នាទី ៣៩ វិនាទី តាមពីក្រោយដោយមិត្តរួមជាតិហូឡង់ Demi Vollering និង Anouska Koster សុទ្ធតែជាងលើសពី ១ នាទី។

យ៉ាងណាក្តីក្រោយឆ្លងកាត់ ៤ ដំណាក់កាលនេះ អ្នកនាំមុខគេក្នុងតារាងវេលារួមនៅតែជាកីឡាការិនីប៊ែលហ្ស៊ិក Lotte Kopecky ដដែល មានថេរវេលាសរុបល្អជាងអ្នកលេខ ២ កីឡាការិនីហូឡង់ Demi Vollering ៤៣ វិនាទី ខណៈ លេខ ៣ គឺកីឡាការិនីអាហ្វ្រិកខាងត្បូង Ashleigh Moolman ដដែលយឺតជាងអ្នកនាំមុខ ៥១ វិនាទី។
សម្រាប់ដំណាក់កាលទី ៥ ថ្ងៃនេះមានចំងាយផ្លូវ ១២៦ គីឡូម៉ែត្រ ហើយការប្រកួតនឹងបិទបញ្ចប់ទាំងស្រុងនៅដំណាក់កាលទី៨ ថ្ងៃអាទិត្យនេះ៕ អត្ថបទ៖នាង សុភាវុធ
