កាណាដា៖ លោកនាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ (Justin Trudeau) បានរុះរើគណៈរដ្ឋមន្ត្រីរបស់លោក ដោយហៅការរុះរើនេះថាជា «ជំហានវិជ្ជមាន» ខណៈដែលរដ្ឋាភិបាលរបស់ខ្លួនស្វែងរកការជំរុញឲ្យកាន់មានការចាប់អារម្មណ៍តែប្រសើរដល់ប្រទេស ដែលកំពុងប្រឹងប្រែងដោះស្រាយការកើនឡើងនៃការចំណាយប្រចាំថ្ងៃ អតិផរណា និងវិបត្តិលំនៅឋាន។
ទូរទស្សន៍ CBC របស់កាណាដា បានរាយការណ៍ថា លោកទ្រូដូ ដែលគណបក្សសេរីនិយមរបស់លោក បានកាន់អំណាច តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៥ បានដកតំណែងរដ្ឋមន្ត្រីចំនួន៧រូប កាលពីថ្ងៃពុធ ហើយបានផ្តល់ឲ្យរដ្ឋមន្ត្រីច្រើនជាង១០រូប នូវតំណែងនយោបាយថ្មី។
ការផ្លាស់ប្តូរនេះ បានកើតឡើង នៅពេលដែលការស្ទង់មតិទិន្នន័យ Abacusថ្មី បានបង្ហាញថា គណបក្សអភិរក្សនិយមរបស់កាណាដា បាននាំមុខគេលើក្រុមសេរីនិយម ដោយមាន៣៨ភាគរយនៃការគាំទ្រសាធារណៈ ធៀបនឹង២៨ភាគរយរបស់គណបក្សសេរីនិយម។
លោកទ្រូដូបាននិយាយអំពីការរុះរើគណៈរដ្ឋមន្ត្រីក្នុងអំឡុងសន្និសីទសារព័ត៌មានក្នុងរដ្ឋធានីអូតាវ៉(Ottawa) ថា៖«នេះគឺជាជំហានវិជ្ជមានមួយ ក្នុងពេលមានផលប៉ះពាល់ជាបន្តបន្ទាប់ នៅក្នុងពិភពលោក និងក្នុងប្រទេស»៕
