ហុងកុង៖ បាតុករទីក្រុងហុងកុងកំពុងច្រៀងបទចម្រៀងថ្មី ហើយខ្លះទៀតហៅបទចម្រៀងថ្មីនោះថា ជាចម្រៀងជាតិសម្រាប់រដូវក្ដៅនៃការតវ៉ា។ បទចម្រៀងដែលមានចំណងជើងថា សួស្ដីទីក្រុងហុងកុង អាចត្រូវគេលឺនៅឯការប្រកួតបាល់ទាត់ នៅក្នុងផ្សារទំនើបនានា ហើយក៏បានរីករាលដាលនៅតាម online ជាទីដែលច្រៀងនេះបានចាប់កំណើតឡើង។
វាជាទំនុកភ្លេងទាក់ទាញការចាប់អារម្មណ៍ខ្លាំង អមដោយទំនុកច្រៀងដែលរៀបរាប់ពីសេរីភាព និងប្រជាធិបតេយ្យ។ ចម្រៀងនេះនឹងនាំឲ្យមនុស្សដែលមកជួបជុំគ្នានោះ មានអារម្មណ៍កាន់តែពុះកញ្ជ្រោល។ វាពិតជាការប្រជែង ព្រោះចម្រៀងជាតិរបស់ទីក្រុងហុងកុង គឺជាចម្រៀងជាតិរបស់ប្រទេសចិន។ នៅឯការប្រកួតកីឡាបាល់ទាត់កាលពីពេលថ្មីៗនេះ ក្រុមអ្នកគាំទ្រទីក្រុងហុងកុងបានច្រៀងចេញពីទឹកចិត្ត ដែលចេញពីបទចម្រៀងសួស្ដីទីក្រុងហុងកុង និងស្រែកចំអកឲ្យចម្រៀងជាតិរបស់ប្រទេសចិន។ ក្រុមអ្នកនិពន្ធបទភ្លេងពុំបានបង្ហាញខ្លួនទេ ប៉ុន្តែអ្នកដឹកនាំការសម្ដែងម្នាក់ បានរៀបចំក្រុមភ្លេងមួយវង់ដើម្បីថតបទដ៏ល្បីនេះ ដោយក្នុងនោះមានតន្ត្រីករស្ម័គ្រចិត្ត និងក្រុមការងារផលិតខ្សែភាពយន្ត ពិសេសបានផលិតចេញជាវីដេអូតន្ត្រីមួយ។ ហើយវីដេអូនេះមានមនុស្សជាង ១លាននាក់ចូលទស្សនា។
គេបានដាក់ឈ្មោះបទចម្រៀងមួយនេះថា “Black Blochestra” បន្ទាប់ពីក្រុមបាតុករស្លៀកពាក់ខ្មៅបានរៀបចំការសម្ដែង ដើម្បីផ្ដល់កម្លាំងចិត្តបន្ថែមដល់ចម្រៀងជាតិ និងវីដេអូដែលធ្វើឲ្យកន្ទ្រាក់អារម្មណ៍ ជាមួយនឹងរូបភាពជានិមិត្តរូបនៃប្រវត្តិសាស្ត្រហុងកុង ហ្វូងមនុស្ស និងការបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក ដោយមានវង់តន្ត្រីពាក់ម៉ាស និងមួកការពារ ដូចជាអ្នកតវ៉ាជួរមុខនៅតាមដងផ្លូវ៕
អត្ថបទ៖ សុខមាន

