
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញនឹងចាត់វិធានការធ្ងន់ជាងមុន ក្នុងរយៈពេល១សប្តាហ៍ទៀតនេះ ពោល គឺមិនលើកលែងចំពោះអ្នកដែលល្មើសនឹងបម្រាមគោចរ អ្នកដែលលួចចេញពីតំបន់លឿងទុំ ដែលអាជ្ញាធរបានបិទខ្ទប់ជដើម គឺត្រូវឃាត់ខ្លួន ផាកពិន័យ និងទទួលទោសទណ្ឌថែមទៀត ហើយផ្សារទាំង២៥នៅតែបន្តបិទ។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា អាជ្ញាធររាជធានីភ្នំពេញនឹងចាត់វិធានការធ្ងន់ជាងមុន ក្នុងរយៈពេល១សប្តាហ៍ទៀតនេះ ពោល គឺមិនលើកលែងចំពោះអ្នកដែលល្មើសនឹងបម្រាមគោចរ និងអ្នកដែលលួចចេញពីតំបន់លឿងទុំ ដែលអាជ្ញាធរបានបិទខ្ទប់ឡើយ ដោយអ្នករត់ចេញ គឺត្រូវបានឃាត់ខ្លួន ផាកពិន័យ និងទទួលទោសទណ្ឌថែមទៀត។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺដើម្បីពិនិត្យពិភាក្សារកចំណុចល្អ និងចំណុចខ្វះខាត យកមកអនុវត្តបន្តក្នុងការអនុវត្តការងារបន្តនៃការ
បិទខ្ទប់តំបន់លឿងទុំតាមខ្នងផ្ទះ តាមអគារ ឬនៅតាមខុនដូចាប់ពីថ្ងៃទី២០ឧសភា រហូតដល់ថ្ងៃទី២៧ឧសភាខាងមុខនេះ ដើម្បីផ្តាច់ឬសគល់ជម្ងឺកូវីដ-១៩ ។
ឯកឧត្ដម ឃួង ស្រេង បានបន្ថែមទៀតថា ១សប្តាហទៀតនេះ គឺជាពេលដែលត្រូវអនុវត្តទឹកចុងក្រោយហើយអាជ្ញាធរ កម្លាំងមានសមត្ថកិច្ចត្រូវតែម៉ឺងម៉ាត់ បើគ្រប់គ្រងមិនបាន ការឆ្លងរាលដាល គឺនឹងវិលមករកចំណុចដើមវិញ។ ចំពោះវិធានការបន្ត គឺត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះបំរាមគោចរត្រូវឃាត់យានយន្តដែលធ្វើចរាចរណ៍ល្មើស ចាប់ពី៨យប់ដល់ម៉ោង៥ភ្លឺ ទាំងអស់មករក្សាទុក និងធ្វើការផាកពិន័យ ដោយមិនមានការអប់រំទៀតទេ។ ការផាកពិន័យនេះរដ្ឋបាលរាជធានីគ្មានចេតនាណាមួយ ចង់បានប្រាក់ពិន័យពីការផាកនោះទេ រដ្ឋបាលរាជធានីភ្នំពេញ មានបំណងតែមួយគត់ គឺចង់ឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយ
អាជ្ញាធរ និងក្រសួងសុខាភិបាល ដើម្បីយើងអាចកាត់ផ្តាច់បានជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះ។
ចំពោះផ្សារក្នុងរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ប្រជាពលរដ្ឋមួយចំនួនមិនបានអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់អាជ្ញាធរ និងក្រសួងសុខាភិបាលនៅឡើយទេ ដូច្នេះយើងគ្មានមធ្យោបាយ ដើម្បីនឹងបើកផ្សាររដ្ឋទាំង២៥នេះឱ្យដំណើរការឡើងវិញនោះទេ ក្នុង១សប្តាហ៍ទៀតនេះ។ ដូចនេះអាជ្ញាធរ និងកម្លាំងទាំងអស់បន្តការផ្សព្វផ្សាយពីវិធានការការពាររបស់ក្រសួងសុខាភិបាល ពិសេសការអនុវត្ត៣កុំ និង៣ការពារ ត្រូវតែបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ព្រោះថាបើយើងភ្លេចខ្លួនតែបន្តិចវានឹងមានបញ្ហាឡើងវិញ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា



