ក្លិបបាល់ទាត់អង់គ្លេស Brighton បានសម្រេចក្នុងការនាំយកខ្សែការពារកណ្តាលប្រេស៊ីល Igor Julio ពីក្លិបអ៊ីតាលី Fiorentina ក្នុងតម្លៃផ្ទេរ ១៧ លានអឺរ៉ូ។
កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ ឆ្នាំ។
អ្នកចាត់ការ Brighton លោក Roberto de Zerbi បានសម្រេចផ្លាស់ប្តូរចិត្តមកមើលឃើញ Igo Julio បន្ទាប់ពីសំណើទិញខ្សែការពារជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ ឆ្នាំរបស់ Chelsea, Levi Colwill ត្រូវបានបដិសេធ ដែលសំណើរបស់ Brighton នោះគឺហ៊ានឱ្យថ្លៃដល់ទៅ ៤០ លានផោន។
Levi Colwill គឺជាសមាជិករបស់ Brighton កាលពីរដូវកាលមុនក្នុងកិច្ចសន្យាខ្ចីជើងពេញមួយរដូវកាល និងជួយក្រុម Brighton ទទួលបានចំណាត់ថ្នាក់លេខ ៦ នៅ Premier League មានកៅអីវគ្គជម្រុះ Europa League រដូវកាលនេះ។
ចំណែកឯ Igor Julio បានចំនាយពេល ៣ ឆ្នាំមកហើយជាមួយ Fiorentina ក្រោយផ្លាស់ពី SPAL កាលពីខែមករាឆ្នាំ ២០២០ ខណៈរដូវកាលចុងក្រោយរបស់គេជួយ Fioretnina ឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Europa Conference League តែចាញ់ West Ham កាលពីខែមិថុនា៕ អត្ថបទ៖នាង សុភាវុធ
