អឺរ៉ុប៖ចំនួនអ្នកស្លាប់ដោយសារចំហេះព្រៃដ៏អាក្រក់ ដែលកំពុងឆាបឆេះផ្នែកខ្លះនៃភាគខាងត្បូងតំបន់អឺរ៉ុប និងអាហ្រ្វិកខាងជើង បានកើនដល់យ៉ាងហោចណាស់ ៤០នាក់ កាលពីថ្ងៃពុធ (ទី២៦ ខែកក្កដា) ខណៈមនុស្សរាប់ម៉ឺននាក់ ក្នុងនោះមានទាំងអ្នកស្រុក និងអ្នកទេសចរ ត្រូវបានបង្ខំឲ្យជម្លៀសខ្លួនចេញពីកោះសមុទ្រមេឌីទែរ៉ាណេដ៏ពេញនិយមមួយចំនួនរបស់ប្រទេសក្រិក។
យោងតាមសេវាឧតុនិយមជាតិរបស់ក្រិក បានឲ្យដឹងថា ផ្នែកដ៏ធំនៃតំបន់មេឌីទែរ៉ាណេ កំពុងឡើងកម្តៅក្រោមរលកកម្ដៅជាបន្តបន្ទាប់ ដោយសីតុណ្ហភាព ត្រូវបានគេរំពឹងថា ឡើងដល់ ៤៥អង្សាសេ នៅភាគកណ្តាល និងភាគខាងត្បូងរបស់ប្រទេស កាលពីថ្ងៃពុធ។
ចំណែកចំនួនអ្នកស្លាប់ដោយសារចំហេះព្រៃវិញ ភាគច្រើនស្ថិតនៅប្រទេសអាល់ហ្សេរី ជាកន្លែងដែលមនុស្ស ៣៤នាក់ បានបាត់បង់ជីវិត គិតត្រឹមថ្ងៃពុធ ហើយក្នុងចំណោមអ្នកស្លាប់នោះ មានទាហាន ១០នាក់ ដែលត្រូវឆេះព័ទ្ធដោយអណ្តាតភ្លើងក្នុងខេត្តមាត់សមុទ្រ Bejaia របស់ប្រទេសនេះ។ នៅប្រទេសក្រិក បុរសវ័យ ៤១ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងខ្ទមដែលឆេះ នៅតំបន់ដាច់ស្រយាលនៃកោះ Evia។ បន្ទាប់ពីព្យាយាមទម្លាក់ទឹកពីលើអាកាស ដើម្បីទប់ទល់ជាមួយភ្លើង យន្តហោះពន្លត់អគ្គិភ័យមួយគ្រឿង បានធ្លាក់ទៅលើភ្នំមួយនៅកោះ Evia នេះ កាលពីថ្ងៃអង្គារ (ទី២៤ ខែកក្កដា) ដោយបានសម្លាប់អ្នកបើកយន្តហោះទាំង ២នាក់។
ជាមួយគ្នានេះ អាជ្ញាធរក្រិក បានជម្លៀសមនុស្សជាង ២០.០០០នាក់ចេញពីគោលដៅសម្រាកលំហែររដូវក្តៅដ៏ពេញនិយមលើកោះ Rhodes ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយអ្នកទេសចរប្រហែល ៣.០០០នាក់ ត្រូវកាត់បន្ថយថ្ងៃឈប់សម្រាករបស់ពួកគេ ហើយធ្វើដំណើរត្រឡប់ទៅគេហដ្ឋានរបស់ខ្លួនវិញ។
ពាក់ព័ន្ធនឹងចំហេះព្រៃដ៏អាក្រក់ ដែលបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតផ្សេងទៀតនៅអឺរ៉ុបដែរនោះ អ្នកវិទ្យាសាស្ត្រមកពីក្រុមវាយតម្លៃអាកាសធាតុពិភពលោក បាននិយាយនៅសប្តាហ៍នេះថា រលកកម្ដៅដែលបានវាយប្រហារផ្នែកខ្លះនៃទ្វីបអឺរ៉ុប និងអាមេរិកខាងជើង ក្នុងខែនេះ នឹងស្ទើរតែមិនអាចទៅរួចនោះទេ បើមិនមានការជំរុញដោយការប្រែប្រួលអាកាសធាតុ ដែលបង្កឡើងដោយមនុស្សនោះ៕



