អូស្ត្រាលី៖ ក្រុមហ៊ុនការពារជាតិដ៏ធំបំផុតរបស់កូរ៉េខាងត្បូង Hanwha Aerospace នៅថ្ងៃព្រហស្បតិ៍ (ទី២៧កក្កដា)នេះ បានប្រជែងឈ្នះក្រុមហ៊ុនRheinmetall( រ៉ាញមេតាល់) របស់អាល្លឺម៉ង់ ដើម្បីទទួលបានកិច្ចសន្យារបស់អូស្ត្រាលី ដែលមានតម្លៃរហូតដល់ ៧ពាន់លានដុល្លារអូស្ត្រាលី (៤,៧៤ពាន់លានដុល្លារ)សម្រាប់ផលិតយានយន្តប្រយុទ្ធថ្មើរជើងចំនួន ១២៩គ្រឿង។
កិច្ចព្រមព្រៀងដែលរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មការពារជាតិលោក ប៉ាត កុនរ៉ូយ (Pat Conroy) បានពិពណ៌នាថា ជាគម្រោងដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់កងទ័ពអូស្ត្រាលី នឹងមានតម្លៃពី ៥ពាន់លានដុល្លារអូស្ត្រាលី (៣,៤ ពាន់លានដុល្លារ) ទៅ ៧ពាន់លានដុល្លារអូស្ត្រាលី (៤,៧៤ ពាន់លានដុល្លារ)។


យានយន្តថ្មីដែលនឹងត្រូវផលិតនៅក្នុងប្រទេសអូស្ត្រាលីនៅឯកន្លែងរបស់ក្រុមហ៊ុន Hanwha ក្នុងរដ្ឋវិចតូ រីយ៉ា (Victoria) នឹងជំនួសរថពាសដែកM113 ដែលបានដាក់ឲ្យប្រើប្រាស់ជាលើកដំបូងក្នុងឆ្នាំ១៩៦៤។
ប្រទេសអូស្ត្រាលី បាននិងកំពុងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពការពាររបស់ខ្លួន ដោយលើកឡើងពីការផ្លាស់ប្តូរបរិយាកាសយុទ្ធសាស្ត្រ នៅក្នុងតំបន់ប៉ាស៊ីហ្វិក ដែលចិនកំពុងសម្លឹងមើល ដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួននោះ។
លោកកុនរ៉ូយបាននិយាយថា រដ្ឋាភិបាលនឹងពន្លឿនដំណើរការនេះ ដើម្បីឲ្យយានប្រយុទ្ធដំបូងអាចដឹកជញ្ជូនបាននៅដើមឆ្នាំ ២០២៧ ពោលគឺលឿនជាងការគ្រោងទុកពីរឆ្នាំ និងយានយន្តចុងក្រោយនៅឆ្នាំ២០២៨៕