
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែសីហាខាងមុខនេះ នឹងត្រូវតែងតាំងជានាយករដ្ឋមន្ត្រី បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បច្ចុប្បន្នប្រកាសចាកចេញជាផ្លូវការ។ ជាមួយការចូលកាន់តួនាទីជានាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ដែលអាចចាត់ទុកថា ជាវិស័យដំបូងដែលលោកនឹងចាប់ផ្តើម ។
ជាមួយដំណឹងដ៏រីករាយនេះ ក្រុមកម្មករ កម្មការិនីរោងចក្រកាត់ដេរ នៅខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានសម្តែងការគាំទ្រចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ទទួលបានតួនាទីជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឲ្យរីកចម្រើន និងអភិវឌ្ឍន៍ទៅមុខបន្ថែមទៀត។
ដោយឡែកលោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជាសង្ឃឹម និងជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងមានការរីកចម្រើនកាន់តែខ្លាំង កម្មករមានការងារធ្វើកាន់តែច្រើន សេដ្ឋកិច្ចក៏កាន់តែរីកចំរើន ជាពិសេសដឹកនាំកម្ពុជាឆ្ពោះទៅសម្រេចចក្ខុវិស័យប្រែក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ផងដែរ៕ អត្ថបទ៖ឈិត បូរ៉ាវី