ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានព្រមានដកចៅក្រម និងព្រះរាជអាជ្ញាណាដែលមិនគោរពវិន័យក្រមសីលធម៌ ដោយបានបញ្ជាទៅខាងអធិការកិច្ច និងរដ្ឋបាលតុលាការ ផ្ទៀងផ្ទាត់ពីបញ្ជីឈ្មោះវត្តមានចៅក្រម និងព្រះរាជអាជ្ញាឡើងវិញឲ្យបានត្រឹមត្រូវ ដើម្បីដាក់ពិន័យ ឬលុបឈ្មោះចេញពីក្របខណ្ឌ ចំពោះចៅក្រម និងព្រះរាជអាជ្ញាទាំងឡាយណា ដែលអវត្តមានដោយមិនមានការអនុញ្ញាត។
ការព្រមានខាងលើរបស់ឯកឧត្តម កើត រិទ្ធ ធ្វើឡើងក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ប្រធានសាលាដំបូង ខេត្តព្រៃវែង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ក្នុងទីស្តីការក្រសួងយុត្តិធម៌។
ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា តាមរយៈសេចក្ដីរាយការណ៍ជុំវិញចៅក្រម និងព្រះរាជអាជ្ញាមួយចំនួន ឈប់លើសពី២-៣ខែ ដោយគ្មានការអនុញ្ញាត ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់ថា ការឈប់ដោយខុសច្បាប់បែបនេះ បើយោងតាមមាត្រា៥២ នៃច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ត្រូវប្រឈមនឹងការលុបឈ្មោះចេញពីក្របខណ្ឌ។
ពាក់ព័ន្ធនឹងករណីខាងលើ ឯកឧត្ដម កើត រិទ្ធ បានដាក់បទបញ្ជាឲ្យខាងអធិការកិច្ច រួមទាំងរដ្ឋបាលតុលាការផ្ទៀងផ្ទាត់ឡើងវិញ ចំពោះចៅក្រម និងព្រះរាជអាជ្ញាណា ដែលអនុវត្តមានខុសច្បាប់ ដោយទី១ តម្រូវឲ្យមានបញ្ជីវត្តមានមួយត្រឹមត្រូវ ទី២ត្រួតពិនិត្យនិងអនុវត្តតាមមាត្រា៥២នៃច្បាប់ស្តីពីលក្ខន្តិកៈ ចៅក្រម និងព្រះរាជអាជ្ញា។
ឯកឧត្តម កើត រិទ្ធ បានសង្កត់ធ្ងន់ថា ចំពោះចៅក្រមរូបណា មិនបានបំពេញការងារលើសពី១៥ថ្ងៃត្រូវកាត់ប្រាក់បៀរវត្សន៍ ហើយប្រសិនបន្តអវត្តមានលើស១៥ថ្ងៃ ត្រូវចាត់ទុកថា បោះបង់ការងារ ពិន័យ ឬបណ្តេញចេញពីក្របខណ្ឌ។
ជាមួយគ្នានេះ ឯកឧត្តម កើត រិទ្ធ បានគូសបញ្ជាក់ទៀតថា ការអវត្តមានរបស់មន្ត្រីក្នុងវិស័យយុត្តិធម៌នេះធ្វើឲ្យសំណុំរឿងជាច្រើនត្រូវកកស្ទះ និងបង្កជាឧបសគ្គដល់ការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។ បន្ថែមលើសពីនេះ ឯកឧត្តម កើត រិទ្ធ បានចាត់ទុកការមិនបំពេញការងារ ហើយបើកតែប្រាក់បៀវត្សរ៍នោះ គឺផ្ទុយនឹងមនសិការទាំងស្រុង។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌រូបនេះ បានណែនាំចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីកាន់ភ្ជាប់នូវអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងត្រូវប្រកាន់ខ្ជាប់ភាពម៉ឺងម៉ាត់របស់ខ្លួនក្នុងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ។
ឯកឧត្ដម បន្តថា មន្ត្រីទាំងអស់ត្រូវចូលរួមលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រម ដោយប្រកាន់ខ្ជាប់នូវវិន័យក្រមសីលធម៌ វិជ្ជាជីវៈចៅក្រមទាំងពេលបំពេញការងារ និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីចូលរួមប្រកបដោយឆន្ទៈក្នុងស្មារតីទទួល ខុសត្រូវខ្ពស់ក្នុងការអនុវត្តយុទ្ធនាការការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ប្រកបដោយភាពត្រឹមត្រូវ លឿន និងមិនពុករលួយ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រម្លឹកថា ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីកាន់ភ្ជាប់នូវអភិក្រមទាំង៥ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដោយប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់របស់ខ្លួន ក្នុងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ៕ អត្ថបទ៖ សេក ឧត្តម