ភ្នំពេញ៖ កម្ពុជាទទួលបានក្រុមហ៊ុន និងសហគ្រាស ដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានចំនួនជាង ២៧ ពាន់ ក្រុមហ៊ុន និងសហគ្រាស មានទុនវិនិយោគចុះបញ្ជី ទំហំទឹកប្រាក់សរុបជាង ៨ ប៊ីលានដុល្លារអាមេរិកគិតត្រឹមខែកក្កដា។
តាមសេចក្ដីប្រកាសព័ត៌មានរួម របស់ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ហៅកាត់ថា CamDX គិតត្រឹម ថ្ងៃទី ២៥ ខែ កក្តដា ឆ្នាំ ២០២៣, CamDX ទទួលបានក្រុមហ៊ុន/សហគ្រាស មានចំនួន ២៧ ៥១១ ដែលបានចុះបញ្ជីអាជីវកម្ម តាមរយៈប្រព័ន្ធនេះ ដោយមានដើមទុនវិនិយោគប្រមាណ ៨.០៩ ប៊ីលានដុល្លារអាមេរិក ក្នុងនោះចំពោះនាមករណ៍បម្រុងទុក មានចំនួន ១៥ ៧៦៩ ក្រុមហ៊ុន/សហគ្រាស។
សកម្មភាពអាជីវកម្មធំៗចំនួន៥ប្រភេទ ទទួលបានការចុះបញ្ជី និងមានដើមទុនច្រើនជាងគេរួមមាន៖ ការវិនិយោគលើការសាងសង់អគារ មានទំហំទឹកប្រាក់ប្រមាណជាង ១ ប៊ីលានដុល្លារ, សកម្មភាពអចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ ៩២១ លានដុល្លារ, សកម្មភាពសេវាកម្មស្នាក់នៅ ចំនួន ៨៩៧ លាន ដុល្លារ, សកម្មភាពពិគ្រោះយោបល់ ផ្នែកគ្រប់គ្រង ៤៧៤ លានដុល្លារ, កម្មន្តសាល សំលៀកបំពាក់ ៣៦៨ លានដុល្លារ, និងការ ចុះបញ្ជីរបស់ក្រុមហ៊ុនផ្សេងៗទៀត មានចំនួន ៤.៣៧ ប៊ីលានដុល្លារ។
ម្ចាស់ក្រុមហ៊ុន ឬសហគ្រាសដែលបានចុះបញ្ជី ជាបុរស មាន ៦២ ភាគរយ និងជាស្រ្តី មានចំនួន ៣៨ ភាគរយ។
ដោយឡែកកម្មវត្ថុការចុះបញ្ជី សម្រាប់ក្រុមហ៊ុន/សហគ្រាស ទទួលការចុះបញ្ជីច្រើនជាងគេ ក្នុងនោះសកម្មភាពសេវាកម្មភោជនីយដ្ឋាន និងសេវាកម្មផ្គត់ផ្គង់អនាម័យចល័ត មានចំនួនជាង ២ ២១៧ ក្រុមហ៊ុន/សហគ្រាស, ការលក់ដុំទំនិញសម្រាប់ការប្រើប្រាស់ ក្នុងផ្ទះ មានជាង ១ ៦៨២ ក្រុមហ៊ុន/សហគ្រាស, ការលក់ដុំឯកទេសផ្សេងៗ ជាង ១ ៦៤៨, ការលក់រាយប្រេងឥន្ធនៈ យានយន្តនៅ ក្នុងហាងឯកទេស មានជាង ១ ៣០១, សកម្មភាពអចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលគេ មានចំនួន ១ ១៤៧, និងការចុះបញ្ជីរបស់ក្រុមហ៊ុន/សហគ្រាសផ្សេងៗ មានចំនួនជាង ១៩ ៥១៨ ក្រុមហ៊ុន/សហគ្រាសផងដែរ៕អត្ថបទ៖ សុន រ៉ាឌី