អាមេរិក៖ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធទី២៦ កក្កដាថា ការវាយបករបស់អ៊ុយក្រែន ទៅលើកងកម្លាំងរបស់រុស្ស៊ី ពុំបានជាប់គាំងនោះទេ ទោះបីជាពុំមានវឌ្ឍនភាពពេញលេញតាមការចង់បានក៏ដោយ ។
លោក Kirby បានអត្ថាធិប្បាយបែបនេះ នៅពេលត្រូវបានសួរពីស្ថានភាពនៃការវាយបករបស់អ៊ុយក្រែននៅក្នុងសន្និសីទសារព័ត៌មានមួយ។

លោក Kirby បាននិយាយថា លោកប្រធានាធិបតី Zelenskyy ខ្លួនឯង បាននិយាយថា ដំណើរការវាយបកមិនមានល្បឿនលឿនដូចការចង់បានរបស់លោកទេ ហើយក៏មិនអាចរុលទៅមុខ រាល់ថ្ងៃតាមការចង់បានដែរ ។ សហរដ្ឋអាមេរិក នឹងមិនពាក់ព័ន្ធក្នុងរឿងនោះទេ។
អ្នកនាំពាក្យរូបនេះ លើកឡើងថាក្រុងវ៉ាស៊ីនតោន នឹងធ្វើឲ្យប្រាកដថា កងកម្លាំងអ៊ុយក្រែន មានគ្រឿងយុទ្ធោបករណ៍គ្រប់ប្រភេទ និងលទ្ធភាពដែលពួកគេត្រូវការចាំបាច់ក្នុងការវាយរុលទៅមុខ។
សហរដ្ឋអាមេរិក បានផ្ដល់ជំនួយផ្នែកយោធាជាង៤៣ពាន់លានដុល្លារអាមេរិកដល់អ៊ុយក្រែន ចាប់តាំងពីការវាយលុករបស់រុស្ស៊ីកាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។
ក្រសួងការពារជាតិអាមេរិក បានប្រកាស ផ្ដល់ប្រាក់ចំនួន៤០០លានដុល្លារអាមេរិកបន្ថែមទៀតជាជំនួយបន្ថែមផ្នែកសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែន កាលពីដើមសប្ដាហ៍នេះ រួមទាំងមីស៊ីលការពារដែនអាកាស យានប្រយុទ្ធ និងយានដ្រូនខ្នាតតូច ជាច្រើនគ្រឿង៕
