អាមេរិក៖ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan កាលពីថ្ងៃពុធ (ទី២៦ ខែកក្កដា) បាននិយាយថា សហរដ្ឋអាមេរិក សូមថ្កោលទោសចំពោះកិច្ចប្រឹងប្រែង ក្នុងការឃុំឃាំង ឬផ្ដួលរំលំការបំពេញតួនាទីរបស់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់ប្រទេសនីហ្សេ ហើយបានជំរុញឲ្យដោះលែងប្រធានាធិបតីលោក Mohamed Bazoum បន្ទាប់ពីរូបលោកត្រូវបានឃុំខ្លួន នៅខាងក្នុងវិមានរបស់ប្រធានាធិបតី។
លោក Sullivan បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងជំរុញជាពិសេសអ្នករួមគំនិតជាមួយឆ្មាំការពារប្រធានាធិបតីឲ្យដោះលែងប្រធានាធិបតីលោក Bazoum ពីការឃុំខ្លួន និងជៀសវាងការកើតមានអំពើហិង្សា។ សេតវិមានកំពុងតាមដានស្ថានការណ៍នេះ ដើម្បីធានាសុវត្ថិភាពដល់ពលរដ្ឋអាមេរិក»។

តែយ៉ាងណាក្ដី ពាក់ព័ន្ធនឹងស្ថានភាពនេះ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បានប្រាប់អ្នកសារព័ត៌មានថា នៅពេលនេះមិនទាន់មានការពិភាក្សាអំពីការជម្លៀសពលរដ្ឋអាមេរិកចេញពីប្រទេសនីហ្សេទេ ហើយបាននិយាយថា សហរដ្ឋអាមេរិកនៅតែបន្តប្រមូលព័ត៌មានលម្អិតអំពីការវិវឌ្ឍនៃស្ថានភាពនេះ។
ក្រុមអង្គរក្សការពារប្រធានាធិបតី កំពុងឃុំប្រធានាធិបតីនីហ្សេ នៅខាងក្នុងវិមានរបស់លោក ក្នុងរដ្ឋធានីនីញ៉ាម៉េ (Niamey) កាលពីថ្ងៃពុធ (ទី២៦ ខែកក្កដា) ជាអ្វីដែលប្រទេសជិតខាងហៅថា ការប៉ុនប៉ងធ្វើរដ្ឋប្រហារប៉ុន្តែជាអ្វីដែលលោកប្រធានាធិបតី បានពិពណ៌នាថា ជាចលនា «ប្រឆាំងសាធារណរដ្ឋ» ឥតប្រយោជន៍៕