ក្រុមបាល់ទាត់នារីជប៉ុនបានកក់កៅអីនៅវគ្គ ១៦ ក្រុមចុងក្រោយហើយនៃព្រឹត្តិការណ៍បាល់ទាត់នារីជើងឯកពិភពលោកក្រោយជ័យជំនះលើក្រុមនារីកូស្តារីកា ២-០។
Hikaru Naomoto និង Aoba Fujino រកបានម្នាក់មួយគ្រាប់នៅក្នុងវគ្គទី ១ ឱ្យក្រុមជើងឯកឆ្នាំ ២០១១ មួយនេះ ឡើងវគ្គបន្តទោះបីនៅសល់មួយប្រកួតចុងក្រោយនៅក្នុងពូល C នេះក៏ដោយ។
ការកក់កៅអីនៅវគ្គ ១៦ ក្រុមចុងក្រោយរបស់ជប៉ុន ក៏អាស្រ័យដោយក្រុមអេស្ប៉ាញឈ្នះហ្សាំប៊ីផងដែរនៅក្នុងពូល C នេះ។

កីឡាការិនី Jenni Hermoso និង Alba Redondo រកបានម្នាក់ពីរគ្រាប់ដូចគ្នាឱ្យអេស្ប៉ាញ ខណៈមួយគ្រាប់ទៀត ធ្វើបានដោយ Teresa Abelleira ដែលជាអ្នកបើកការនាំមុខ។
ជ័យជំនះរបស់ជប៉ុន និងអេស្ប៉ាញ ធ្វើឱ្យក្រុមទាំងពីរមាន ៦ ពិន្ទុដូចគ្នានៅក្នុងពូល C នេះកក់កៅអីនៅវគ្គ ១៦ ក្រុមចុងក្រោយមុនគេ ខណៈក្រុមកូស្តារីកា និងហ្សាំប៊ីក្លាយជាក្រុមដែលធ្លាក់មុនគេផងដែរក្នុងព្រឹត្តិការណ៍។
ជប៉ុន និងអេស្ប៉ាញ នឹងត្រូវជួបគ្នាប្រកួតចុងក្រោយក្នុងពូលនៅថ្ងៃទី ៣១ ខែកក្កដាដើម្បីដឹងថាក្រុមណាលេខ១ ក្នុងពូល។
ចំណែកការប្រកួតចុងក្រោយគេនៅថ្ងៃពុធម្សិលមិញ ជាការប្រកួតនៅក្នុងពូល B កាណាដារកបានបីពិន្ទុដំបូងរបស់ខ្លួន និងជាជ័យជំនះដែលធ្វើឱ្យក្រុមនារីអៀកឡង់ធ្លាក់ពីការប្រកួតផងដែរ។
អៀកឡង់បើកការនាំមុខមុនតាំងពីនាទីទី ៤ ដោយប្រធានក្រុម Katie McCabe តែត្រូវកាណាដាវាយបកវិញតាមរយៈគ្រាប់បាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Megan Connolly និងគ្រាប់បាល់ជ័យជំនះនៅវគ្គទី ២ ដោយ Adriana Leon។
នេះជាជ័យជំនះរបស់កាណាដាក្រោយស្មើនីហ្ស៊េរីយ៉ាប្រកួតទី ១ និងឡើងឈរលើគេក្នុងពូលបណ្តោះអាសន្នមាន ៤ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ


