ភ្នំពេញ៖ ប្រជាពលរដ្ឋដែលមានភាពចាស់ទុំក្នុងសង្គម បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសឱ្យមានការអភវិឌ្ឍរីកចម្រើន និងបានសម្ដែងនូវការគាំទ្រចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៧នេះ ។
ប្រជាពលរដ្ឋចំណាស់ៗ ដែលបានឆ្លងកាត់សង្គមនយោបាយកម្ពុជាច្រើនជំនាន់ បានលើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាស័ក្ដិសមធ្វើជានាយករដ្ឋមន្រ្តីថ្មី ព្រោះឯកឧត្តម រៀនបានខ្ពង់ខ្ពស់ និងមាន សមត្ថភាពគ្រប់គ្រាន់អាចដឹកនាំប្រទេសជាតិ បន្តធានានិរន្តរភាពសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ រីកចម្រើនទៅមុខ ។
ពួកគេបានសំដែងការអរគុណចំពោះ សម្តេចតេជោ ដែលបានលះបង់កម្លាំងកាយចិត្ត ដឹកនាំប្រទេសជាតិ ក្នុងនាមជានាយករដ្ឋមន្រ្តី ធ្វើឱ្យប្រជាពលរដ្ឋរស់នៅសុខស្រួលក្រោមម្លប់សន្តិភាព និង បន្សល់ទុកមរតកជាច្រើនសម្រាប់ប្រទេសជាតិ ។ ពួកគេ នឹងចងចាំកេរមរតកទាំងអស់នេះជានិច្ច ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីចាំផ្ទះ កាលពីម្សិលមិញ បានប្រកាសជាសាធារណៈ ថា នឹងមិនបន្តធ្វើជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ឡើយ ដោយបានផ្ទេរដំណែងនាយករដ្ឋមន្ត្រីនេះ ឱ្យទៅ ឯកឧត្តម ហ៊ុន ម៉ាណែត វិញ ។
សម្ដេចតេជោ បានបញ្ជាក់ថា ការលាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីនេះ គឺជាការរៀបចំទុកជាមុន សម្រាប់ការរក្សាស្ថិរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ ប្រទេសជាតិ ៕អត្ថបទ៖ ទូច សោភ័ណ