កណ្ដាល៖ បណ្តាប្រជាកសិករ បាននាំគ្នាគាំទ្រ និងអរគុណគណបក្សប្រជាជនកម្ពុជា ជំរុញរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ អនុវត្តគោលនយោបាយ គាំពារកសិករ និងផ្តល់មន្ត្រីបច្ចេកទេសកសិកម្ម ដាក់បម្រើការងារនៅតាមឃុំសង្កាត់ ដើម្បីជួយផ្នែកបច្ចេកទេសកសិកម្មធ្វើដំណាំដាំដុះ និងជំរុញកំណើនទីផ្សារកសិកម្ម ។
បើតាមបណ្តាពលរដ្ឋ នៅសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី២៧ ខែកក្កដានេះថា គោលនយោបាយរបស់បក្សប្រជាជន បន្ថែមមន្ត្រីបច្ចេកទេសកសិកម្ម ដាក់បម្រើការងារនៅតាមសាលាឃុំសង្កាត់នេះ នឹងជំរុញផ្លាស់ប្តូរប្រជាកសិករ ធ្វើដំណាំដាំដុះពីតាមបែបប្រពៃណី ទៅធ្វើដំណាំតាមបែបបច្ចេកទេសមានគុណភាព មានសុវត្ថិភាព និងមានតម្លៃនៅលើទីផ្សារ។
បើតាមលោក ហុង សុគន្ធា សមាជិកក្រុមប្រឹក្សាទី១សង្កាត់កោះអន្លង់ចិន បានថ្លែងថា នៅក្នុងសង្កាត់កោះអន្លង់ចិន គឺមានពលរដ្ឋប្រមាណ៩៥% បានប្រកបរបរដាំដំណាំកសិកម្មតាមរដូវ និងដំណាំប្រមូលផលប្រចាំថ្ងៃ ទៅតាមបែបប្រពៃណី ហើយតាមរយៈការដាក់បន្ថែមមន្ត្រីបច្ចេកទេសកសិកម្មចូលបម្រើការនៅក្នុងរដ្ឋបាលសាលាសង្កាត់កោះអន្លង់ចិននេះ យើងសហការជាមួយគ្នាដើម្បីជំរុញប្រជាកសិករយើងដាំដំណាំតាមបែបច្ចេកទេសទំនើប មានសុវត្ថិភាព និងជំរុញជីវភាពកសិករកាន់តែប្រសើរឡើង។
លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកណ្តាល បានថ្លែងថា នៅពេលនេះ មន្ទីរកសិកម្មខេត្តកណ្តាល បានដាក់សំណើររួចហើយទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សុំដាក់មន្ត្រីបច្ចេកទេសកសិកម្មចូលបម្រើការនៅតាមឃុំសង្កាត់ចំនួន១២៧ នៅទូទាំងខេត្តកណ្តាល។
បើតាម លោក ម៉ៅ មីនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃក្រសួងកសិកម្ម បានថ្លែងថា នៅក្នុងឆ្នាំ២០២៤ នឹងចាប់ផ្តើមរៀបចំដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម នៅតាមឃុំសង្កាត់ ដើម្បីផ្តល់ការប្រឹក្សាដោះស្រាយបញ្ហា និង ផ្តល់ការបណ្តុះបណ្តាលផ្នែកបច្ចេកទេសដាំដំណាំកសិកម្មជូនកសិករ និងបញ្ជូនព័ត៌មាន បញ្ហាការលំបាកនានារបស់កសិករ រាយការណ៍ឲ្យថ្នាក់ជាតិបានដឹង និងជួយដោះស្រាយ និងផ្តល់ព័ត៌មានពីថ្នាក់ជាតិ ថ្នាក់ខេត្តទៅឲ្យប្រជាកសិករវិញជាដើម៕អត្ថបទ ស៊ុម សុខជា