កណ្ដាល៖ រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកថវិកាវិភាជកាន់តែកើនឡើង នៅតាមឃុំសង្កាត់ ពីមួយអាណត្តិទៅមួយអាណត្តិ ដោយថវិកាទាំងអស់នោះ បាននឹងកំពុងធ្វើឲ្យផ្លូវលំដី ឬក្រាលក្រួសក្រហម នៅតាមទីជនបទ ប្រែក្លាយជាផ្លូវចាក់បេតុងដ៏ស្រស់ស្អាត ងាយស្រួលពលរដ្ឋធ្វើដំណើរ ។
លោក កុយ ណារ៉ុង មេឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ បានលើកឡើងថា ថវិកាវិភាជនេះ បានធ្វើឲ្យអាជ្ញាធរឃុំ មានលទ្ធភាពក្នុងការដោះស្រាយ និងអភិវឌ្ឍន៍មូលដ្ឋាននូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនតាមកម្រិតថវិកា និងត្រូវបានប្រើប្រាស់ និងបែងចែកដោយតម្លាភាព ។
លោក បន្តថា មួយវិញទៀត ជាពិសេសថវិកា ដែលរាជរដ្ឋាភិបាលវិភាជ កាលពីអាណត្តិទី៦ មានកំណើនគួរសម ធ្វើឲ្យឃុំកំពង់ស្វាយ អាចអភិវឌ្ឍន៍ផ្លូវជាច្រើនខ្សែ ដែលពីមុនជាផ្លូវក្រាលក្រួសក្រហម ឬជាផ្លូវដី ជួសជុលកែលម្អទៅជាផ្លូវចាក់បេតុង ហើយឆ្នាំ២០២៣នេះ នឹងប្រែក្លាយផ្លូវលំក្នុងឃុំនេះ ធ្វើទៅជាផ្លូវបេតុងទាំងអស់ផងដែរ ។
ប្រជាពលរដ្ឋរស់នៅឃុំកំពង់ស្វាយ បានលើកឡើងថា ពួកគេពិតជាសប្បាយរីករាយជាខ្លាំង ដែល អាជ្ញាធរ បានខិតខំអភិវឌ្ឍន៍មូលដ្ឋាន ពីមួយអាណត្តិទៅមួយអាណត្តិ ហើយក៏សូមស្នើដល់អាជ្ញាធរ បន្តជួយ អភិវឌ្ឍន៍ភូមិ-ឃុំ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។
លោក កុយ ណារ៉ុង បានបញ្ជាក់ថា ជាបន្តបន្ទាប់ទៀត អាជ្ញាធរនឹងមានពង្រីកការដាក់ភ្លើងសូឡានៅតាមផ្លូវបំភ្លឺពេលយប់ រួមទាំងខិតខំអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ឲ្យកាន់តែរីកចម្រើន ដើម្បីឆ្លើយតបទៅនឹងសន្លឹកឆ្នោត របស់ពលរដ្ឋដែលបានបោះជូនគណបក្សប្រជាជនកម្ពុជា ជាពិសេសក្នុងស្រុកកៀនស្វាយ គឺឃុំពង់ស្វាយ ទទួលបានលេខ១ ដែលមានពលរដ្ឋបោះឆ្នោតគាំទ្រច្រើនជាងគេ ៕អត្ថបទ បាន សុខរិទ្ធិ