ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកអគ្គនាយកសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម ដើម្បីជជែកគ្នា លើការអភិវឌ្ឍលើវិស័យកៅស៊ូ។
ក្រោយចប់ជំនួបការងារនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៧ កក្កដា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងកិច្ចជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការអបអរសាទរចំពោះក្រុមហ៊ុនទាំង១៧ ដែលមានលទ្ធផលល្អនៃវិនិយោគវិស័យកៅស៊ូនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តម បានណែនាំក្រុមហ៊ុនឱ្យយកចិត្តទុកដាក់គិតគូរពីការអភិវឌ្ឍបច្ចេកទេសកៅស៊ូ និងការកែច្នៃជ័រកៅស៊ូ ដើម្បីទទួលបាននូវតម្លៃបន្ថែម និងកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច។
លើសពីនេះទៀត ក្រុមហ៊ុនត្រូវពិនិត្យលទ្ធភាព និងពិចារណាលើការកំណត់យុទ្ធសាស្ត្រ ជាពិសេសគម្រោងជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីនៃក្រសួងកសិកម្មវៀតណាម នាពេលខាងមុខ ដើម្បីពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ការកំណត់លើការផលិតទំនិញ ដើម្បីផ្គត់ផ្គង់ទីផ្សារ និងទទួលបានចំណេញជាមួយគ្នារវាងប្រទេសទាំងពីរ៕



